(កំពង់ធំ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ ណូរ៉ា បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ ចុះទៅរឹបអូសយកទ្រព្យសម្បត្តិ ទាំងអស់របស់ក្រុមហ៊ុន BVB រកស៊ីស្រូវ និងជ្រូកជាដើម បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានទៅខ្ចីលុយពីធនាគាររហូតដល់ជាង១០លានដុល្លារ យកមកវិនិយោគរកស៊ី ប៉ុន្តែក្ស័យធន់ គ្មានលទ្ធផលសងលុយទៅធនាគារវិញ។
ការចុះទៅរឹបអូសទ្រព្យសម្បត្តិទាំងអស់ក្រុមហ៊ុននេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងក្រុមហ៊ុន ក្នុងភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយអនុវត្តតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយមានវត្តមានតំណាងធនាគារ និងតំណាងក្រុមហ៊ុនផងដែរ។
លោក សាយ ណូរ៉ា បានប្រាប់ក្រុមអ្នកកាសែតថា ដោយអនុវត្តតាមដីកាសម្រេចរឹបអូសរបស់សាលាដំបូងរាជធានីភ្នំពេញ នៅពេលនេះគណៈកម្មការ បានរឹបអូសទ្រព្យសម្បត្តិដែលមានលោក ដួង វិបុល និងអ្នស្រី ឯម សុគន្ធារី ជាសហម្ចាស់ក្រុមហ៊ុន មានអត្តសញ្ញាណក្នុងតារាងរបស់ដំបូង រាជធានីភ្នំពេញ។
លោកថា «សម្ភារទាំងនេះ មានដូចក្នុងតារាងឧបសម្ព័ន្ធទី១ បន្ទាប់មកគណៈកម្មការបានសម្រេចរឹបអូស ហាមឃាត់កូនបំណុល មិនឲ្យធ្វើសកម្មភាព លក់ដូរ ជួល បញ្ចាំផ្ទេរសិទ្ធ ធ្វើអំណោយ ដាក់ហ៊ីប៉ូតែក និងធ្វើលទ្ធកម្មផ្សេងៗ នូវចលនវត្ថុមួយចំនួនក្នុងតារាងមានសម្ភារសរុបចំនួន១៤មុខ សម្រេចរឹបអូសទាំងអស់ គឺត្រូវរក្សានៅក្នុងទីតាំងនេះដដែល រួចប្រគល់ភារកិច្ចជូនតំណាងក្រុមហ៊ុន និងតំណាងធនាគារកាណាឌីយ៉ា ជួយថែរក្សាគ្នា។ លុះត្រាតែគាភីខាងក្រុមហ៊ុនយកប្រាក់ទៅតម្កល់នៅតុលាការចំនួន១០១៥០០០០$ ទើបអាចលុបការអនុវត្តនេះបាន»៕