(ភ្នំពេញ)៖ យោងតាមលិខិតមួយច្បាប់ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រោយមួយថ្ងៃពីជំនួបពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ, លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការ ប្រតិបត្តិបានសរសេរលិខិតមួយច្បាប់ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់ថា «ចំពោះករណីមិនំទាន់យល់ស្របគ្នា គណបក្សសង្រ្គោះជាតិ នឹងរៀបចំកែសម្រួល ក្រោយពេលលក្ខនិ្តកៈគណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ»។
នៅក្នុងលិខិតបានបញ្ជាក់ថា «ខ្ញុំសូមផ្ញើជូនសម្តេចក្រឡាហោម នូវលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានធ្វើវិសោធនកម្មដោយ សមាជវិសាមញ្ញ លើប្រការ៤៥ និងប្រការ៤៧ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងមក។ ចំពោះករណីមិនំទាន់យល់ស្របគ្នា គណបក្សសង្រ្គោះជាតិ នឹងរៀបចំកែសម្រួល ក្រោយពេលលក្ខនិ្តកៈគណបក្ស ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ»។
សូមជំរាបថា ថ្លែងនៅក្នុងសន្និសិទកាសែតដ៏សំខាន់មួយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះម្សិលមិញ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ គ្មានសិទ្ធិបញ្ជាឲ្យគណបក្សសង្រ្គោះជាតិធ្វើនេះធ្វើនោះទេ ក្រសួងមានភារកិច្ចតាមដានថា តើគណបក្សបានធ្វើតាមច្បាប់លក្ខន្តិកៈ ឬអត់ ហើយក្រសួងមហាផ្ទៃក៏គ្មានសិទ្ធិលូកលាន់ថា តើអ្នកណាជាប្រធាន និងអនុប្រធាននោះទេ សំខាន់ធ្វើតាមច្បាប់លក្ខន្តិកៈរបស់គណបក្ស ដែលជាច្បាប់កំពូលរបស់គណបក្ស។
អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃដដែលរូបនោះ បានថ្លែងថា ក្រសួងបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់យ៉ាងច្បាស់ថា សមាជវិសាមញ្ញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលបានធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ គឺធ្វើឡើង ស្របតាមលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។ ប៉ុន្តែសមាជវិសាមញ្ញដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មី ចំនួន៣រូប គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ៕