(ភ្នំពេញ)៖ វិស័យឯកជន ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨។ ឈរលើស្មារតីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាគាំទ្រគ្រប់បែបយ៉ាងលើការវិនិយោគរបស់វិស័យឯកជន ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ឱកាសការងារដល់ ប្រជាពលរដ្ឋខ្មែរ។

នៅក្នុងរាត្រីស្រមោលស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណានារាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន់ សូរស័ក្តិ បានថ្លែងថា ក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យឯកជន ក្រសួងពាណិជ្ជកម្ម បានដាក់ចេញកម្មវិធីកំណែទម្រង់ជាច្រើន សំដៅលើកកម្ពស់បរិយាសកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម នៅតាមបន្ទាត់ព្រំដែន។

«យើងបានកសាង និងដាក់ឲ្យអនុវត្តន៍ប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗដូចជា ស្វ័យប្រវត្តិកម្មចុះបញ្ជីក្រុមហ៊ុន, ស្វ័យប្រវត្តិកម្មចុះបញ្ជីម៉ាក,ស្វ័យប្រវត្តិកម្មចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) និងប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក (E-Payment) ព្រមទាំងបញ្ជរតែមួយរបស់ជាតិ (National Single Window) ដើម្បីសម្រួលដល់ធុរជន និងពាណិជ្ជករ ដែលត្រូវការប្រកបអាជីវកម្ម ឬនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ។

លោករដ្ឋមន្រ្តីបានបន្តថា «យើងបានរៀបចំឲ្យមាន “វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន” រៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់តួនាទី និងការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិវឌ្ឍជាតិ ព្រមទាំងបង្កើតឲ្យមានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលនិងកសាងសមត្ថភាពមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធក្នុងការដឹកនាំចរចា តាក់តែង និងអនុវត្តន៍គោលនយោ បាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព»

លោក ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់ផងដែរថា មន្ត្រីរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ កំពុងសហការដោះស្រាយរាល់បញ្ហានានា ដែលវិស័យឯកជនបានជួបប្រទេះ សំដៅលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងឆ្លើយតបរាល់តម្រូវការអទិភាពនៃទីផ្សារថ្មីៗ នៅក្រោមក្របខណ្ឌនៃកិច្ចសហការទ្វេភាគី និងពហុភាគី។

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានរំលឹកពីបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរថា នៅតែស្វាគមន៍ និងលើកទឹកចិត្តចំពោះគម្រោងវិនិយោគថ្មីៗមកកាន់ប្រទេសកម្ពុជា ហើយក្រសួងពាណិជ្ជកម្មនឹងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបើកចំហ ក៏ដូចជាបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ សំដៅទាក់ទាញទំនុកចិត្តវិនិយោគិន និងធុរជនទាំងអស់។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានរំលឹក និងសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាបន្តទៀតជួយដល់វិស័យឯកជន ដើម្បីបុព្វហេតុនៃការអភិវឌ្ឍ និងវិបុលភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់។

ដើម្បីជំរុញការអភិវឌ្ឍរបស់វិស័យឯកជន លោក ប៉ាន សូរស័ក្តិ ក៏បានផ្តល់អនុសាសន៍ចំនួន៥ ទៅដល់សភាពាណិជ្ជកម្មកម្ពុជាឲ្យប្រឹងប្រែងអនុវត្តន៍បន្តទៅទៀត។ អនុសាសន៍ទាំង៥នោះរួមមាន៖

- ត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ រឺប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន។

- ត្រូវខិតខំផ្សព្វផ្សាយពីគោលនយោបាយ និងស្ថានភាពរីកចម្រើនពិតរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិន ឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

- ត្រូវជួយផ្តល់សេវាផ្សេងៗតាមការចាំបាច់ ដល់សភាពាណិជ្ជកម្មរាជធានី-ខេត្ត ដែលជាសាខារបស់ខ្លួន ដើម្បីធានាដល់ការបំពេញប្រតិបត្តិការដោយរលូន។

- ត្រូវរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់លេខបាកូដរបស់កម្ពុជា ដល់ម្ចាស់សិប្បកម្ម អាជីវកម្ម រោងចក្រ នៅតាមបណ្តារាជធានី-ខេត្ត។

- ត្រូវសហការជាមួយក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងវិស័យឯកជន ដើម្បីរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែរស់រវើក៕