(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ លោក នុត ពុធដារ៉ា  រួមជាមួយព្រះសង្ឃ មន្ត្រីរាជការសាលាខណ្ឌ ក្រុមការងារកាកបាទក្រហមសង្កាត់-ភូមិ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បាននាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពងខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

អំណោយដែលត្រូវបានចែកជូនក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ មី១កេស សម្ភារប្រើប្រាស់១០មុខផ្សេងទៀត និងថវិកា៣ម៉ឺនរៀល។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូ ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា កុមារកំព្រាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍។

លោកអភិបាលក៏បាន ពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនដល់លោកតាលោកយាយបងប្អូនទាំងអស់ ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋានខណ្ឌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលក៏ បានផ្តាំផ្ញើរដល់លោកតាលោកយាយ បងប្អូនទាំងអស់ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីរស់នៅបានយូរអង្វែង និងមានសុខភាពល្អបន្តមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង៕