(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William A. Heidt នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះធ្វើទស្សកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ នៅឯខេត្តកំពង់ឆ្នាំង។
បើតាមមន្ត្រីស៉ីម៉ាក់បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតប្រទេសអាមេរិក ដែលជាប្រទេសធ្លាប់ទម្លាក់គ្រាប់បែកលើ ប្រទេសកម្ពុជា ប្រមាណ៣លានតោននោះ លោក William A. Heidt អញ្ជើញពិនិត្យការងារគម្រោងមួយចំនួន ដែលអាមេរិកគាំទ្រដល់កម្ពុជា ក្នុងការដោះមីន តាមរយៈអង្គការមួយចំនួន ហើយលោកឯកអគ្គរដ្ឋទូត និងលោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា រួមនឹងលោក ហេង រតនា អគ្គនាយកសុីម៉ាក់ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមស៉ីម៉ាក់ ដែលបញ្ចប់វគ្គសិក្សា លើជំនាញ កម្ទេចគ្រាប់ ដែលគាំទ្រដោយអាមេរិក។ ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរដ្ឋទូតអាមរិក ក៏បានពិភាក្សាការងារទ្វេភាគីជាមួយ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ពាក់ព័ន្ធបញ្ហាដោះមីននៅកម្ពុជាផងដែរ។
អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕