(ភ្នំពេញ)៖ នៅក្នុងពិធីគម្រប់ខួបទី២១ឆ្នាំ របស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើយ៉ាងទទូចដល់ការីសមាគមនេះ ចូលរួមជំរុញទៅដល់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំងអស់ ត្រូវរួសរាន់ដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ឲ្យបានគ្រប់គ្នា ត្រឹមឆ្នាំ២០១៨ ខាងមុខ។
ពិធីគម្រប់ខួបទី២១ឆ្នាំ របស់សមាគម CATA ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានការ ចូលរួម ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជីវកម្មសេវាកម្មទេសចរណ៍ ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។
ប្រមុខក្រសួងទេសចរណ៍បានណែនាំឲ្យការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ យកចិត្តទុកដាក់លើនិន្នាការទីផ្សារអាទិភាព របស់ខ្លួន ដែលត្រូវដើរឲ្យស្របតាម ទិសដៅទីផ្សារជាយុទ្ធសា្រស្តចង្អុលដោយ ក្រសួងទេសចរណ៍ អាស៊ាន និងអង្គការទេសចរណ៍ពិភពលោក (UNWTO)។ ត្រូវខិតខំចាប់យកទីផ្សារ Intra ASEAN travellers (ASEAN for ASEAN), ទីផ្សារអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េ), ទីផ្សារអាស៊ាន+ឥណ្ឌា, ទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក។
លោករដ្ឋមន្រ្តីបានគូសបញ្ចាក់ អំពីសភាពការកំណើនដ៏គំហុកនៃទេសចរចិន ដោយបានស្នើឲ្យសមាជិក-សមាជិកា CATA ទាំងអស់ ត្រូវចូលរួមគាំទ្រ និងអនុវត្តសៀវភៅសរស្តីពី China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍ ដោយស្នើឲ្យចុះបញ្ជីប្រព័ន្ធបញ្ជាក់កម្រិតគុណភាព សេវាកម្មទេសចរណ៍ ទទួលទេសចរចិន មកក្រសួងទេសចរណ៍ ឲ្យបានគ្រប់ៗគ្នា។
រដ្ឋមន្រ្តីគម្រូរូបនេះ បានផ្តល់នូវអនុសាសន៍ដល់សមាជិក-សមាជិកាសមាគម CATA ឲ្យបន្តយកចិត្តទុកដាក់លើការងារ ជាអាទិ៍មួយចំនួន រួមមាន៖
១៖ ស្នើការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ទាំងអស់ ចូលរួមឲ្យបានសកម្មជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំ ដំណើរការក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយ និងសិក្សាទីផ្សារ ដែលគ្រោងនឹងបង្កើតក្នុងពេលឆាប់ៗនេះ។
២៖ ស្នើការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍បង្កើត និងបង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុក ដែលជាកាតាលីករជំរុញការអភិវឌ្ឍនៅតាមសហគមន៍ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូន ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រសួងទេសចរណ៍នឹងជំរុញសកម្មភាពទេសចរណ៍ ក្នុងស្រុកឲ្យបានខ្លាំងក្លា។
៣៖ ស្នើឲ្យចូលរួមយុទ្ធនាការ «គ្មានមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលគ្មានអាជ្ញាបណ្ណ» ឲ្យបានត្រឹមឆ្នាំ២០១៨ ដោយអនុវត្តតាមស្មារតីច្បាប់ ស្តីពីទេសចរណ៍ ដែលជាកាតព្វកិច្ចរបស់ប្រតិបត្តិករទេសចរណ៍។
៤៖ ស្នើឲ្យការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ សហការជាមួយក្រសួងទេសចរណ៍ និងសមាគមមគ្គទ្ទេសក៍ទេសចរណ៍ ក្នុងការពង្រឹងគុណភាព និងទីផ្សារមគ្គទ្ទេសក៍ទេសចរណ៍ ដោយឈរលើគោលការណ៍ គុណភាព និងសមធម៌ ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំ យន្តការទីផ្សារ រវាងតម្រូវការ និងផ្គត់ផ្គង់មគ្គទ្ទេសក៍ទេសចរណ៍ ឲ្យបានស្របតាមយន្តការទីផ្សារ និងងាយស្រួលបន្ស៊ីរវាងតម្រូវការ និងការផ្គត់ផ្គង់មគ្គទេសក៍ទេសចរណ៍។ លោកបានសើ្នឲ្យប្រើមគ្គទេសកមានអាជ្ញាបណ្ណ។
លោករដ្ឋមន្រ្តីបានផ្តល់កិត្តិយសផ្តល់ពានរង្វាន់ស្នាដៃ ដល់អតីតប្រធានសមាគម CATA ក្នុងអាណត្តិចាស់ ចំនួន៧រូបផងដែរ៕