Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលរុស្ស៊ី ស្នើយាងព្រះមហាក្សត្រខ្មែរ ទៅបំពេញព្រះរាជទស្សនកិច្ច នៅក្រុងម៉ូស្គូ

30-03-2017 21:02

(ភ្នំពេញ)៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានស្នើយាងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា យាងទៅបំពេញព្រះរាជទស្សនកិច្ច នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នាពេលខាងមុខនេះ។ នេះបើតាមការអះអាងរបស់ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលថ្លែងប្រាប់ Fresh News តាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។

លោក អ៊ុច បូរិទ្ធ បានបញ្ជាក់បែបនេះ ធ្វើឡើង​បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយ លោក Igor Morgulo អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី នៅទី​ស្តី​ក្រសួងការបរទេសកម្ពុជា នា​រសៀល ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ២០១៧នេះ។

លោក អ៊ុច បូរិទ្ធ បានអះអាងថា រដ្ឋាភិបាលរុស្ស៊ី បានស្នើយាងព្រះមហាក្សត្រខ្មែរ ទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសរុស្ស៊ី​ ខណៈដែលព្រះមហាក្សត្រ កំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោកបានបន្ថែមថា បើព្រះរាជទស្សនកិច្ចនេះ ត្រូវបាន រៀបចំមែននោះ នេះគឺជាលើកដំបូងហើយ ដែលព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី យាងទៅប្រទេសរុស្ស៊ី។

ទោះជាយ៉ាងណា លោក អ៊ុច បូរិទ្ធ បានបញ្ជាក់ថា ចំពោះពេលវេលា នៃការយាងទៅបំពេញព្រះរាជទស្សនកិច្ច របស់ព្រះមហាក្សត្រ នៅពេលណានោះ មិនទាន់ដឹងច្បាស់នៅឡើយទេ៕