(ភ្នំពេញ)៖ មួយសបា្តហ៍ក្រោយពីមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជា បានធ្វើលិខិតស្នើទៅគណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយស្នើដាក់លោក ជា វ៉ាន់ដេត បេក្ខជនបម្រុងលេខរៀងទី១ ជំនួសសម្តេច សុខ អាន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ។
មហាជនទូទៅប្រហែលជាមិនសូវស្គាល់ទេថា លោក ជា វ៉ាន់ដេត ជានរណា? ដើម្បីសម្រួលដល់ការស្វែងយល់អង្គភាពព័ត៌មាន Fresh News សូមទម្លាយជីវប្រវត្តរបស់តំណាងរាស្រ្តថ្មីមួយរូបនេះ ដូចតទៅ៖
លោក ជា វ៉ាន់ដេត អាយុ៤៦ឆ្នាំ បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច មកពីប្រទេសរុស្សី (អតីតសហភាពសូវៀត) នៅឆ្នាំ ១៩៩៧ ហើយនៅឆ្នាំ២០១៥ កន្លងទៅនេះ លោកបានបន្តយកបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធុរកិច្ចមួយទៀត ពីសាកលវិទ្យាល័យ NTU នៅសឹង្ហបុរី សហការជាមួយសាកលវិទ្យាល័យ UC Berkeley នៅសហរដ្ឋអាមេរិក។
ក្រោយពីត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩៧ ពីប្រទេសរុស្សី លោក ជា វ៉ាន់ដេត បានឆ្លៀតពេលធ្វើជាសាស្រ្តាចារ្យបង្រៀនមុខវិជ្ជាសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញអស់រយ:ពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០០២ ។
ទន្ទឹមពេលជាមួយនឹងការបង្រៀនដល់និស្សិតខ្មែរ លោក វ៉ាន់ដេត បានចូលបម្រើការនៅ ទីស្តីការគណៈរដ្ឋមន្រ្តី ដោយផ្តើមការងារជាសមាជិកក្រុមជំនួយការ របស់លោក សុខ អាន ដែលពេលនោះ លោកជាសហរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ។
បន្ទាប់ពីធ្វើការនៅទីស្តីការបាន២ឆ្នាំ លោក វ៉ាន់ដេត ទទួលបានតួនាទីជាប្រធានការិយាល័យសេដ្ឋកិច្ច នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី ហើយបន្ទាប់មកទៀតជាអនុប្រធាននាយកដ្ឋាន រួចជាប្រធានខុទ្ទកាល័យរបស់ឧបនាយករដ្ឋមន្រ្តី សុខ អាន និងចុងក្រោយជាទីប្រឹក្សារាជរដ្ឋាភិបាលចាប់ពីឆ្នាំ២០១៣ រហូតដល់ពេលក្លាយជាតំណាងរាស្រ្ត ។ លោក វ៉ាន់ដេត ក៏ជាសមាជិកគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជន។
លោក វ៉ាន់ដេត ត្រូវបានសហការីវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការចូលរួមធ្វើកិច្ចការជាច្រើននៅទីស្តីការគណរដ្ឋមន្រ្តី ក្នុងនោះរួមទាំងការដឹកនាំ ក្រុមការងារតាក់តែងសៀវភៅស ស្តីពីការបោះឆ្នោតសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ និងដឹកនាំបកប្រែសាលដីកាតុលាការ ក្រុងឡាអេ ស្តីពីជម្លោះប្រាសាទព្រះវិហារមកជាភាសាខ្មែរដើម្បីធ្វើការផ្សព្វផ្សាយ។
ទាក់ទងនឹងវិស័យអប់រំវិញ លោក វ៉ាន់ដេត តែងតំណាលប្រាប់មិត្តភ័ក្រ្តថា លោកត្រូវតបស្នងសងគុណដល់សង្គមជាតិវិញ ជាពិសេស សម័យរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង អ្នកដែលបញ្ជូនរូបលោកទៅសិក្សានៅក្រៅប្រទេស។ ដោយសារឆន្ទៈនេះហើយ ទើបលោកសម្រេចចិត្តបង្កើតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាសាកលវិទ្យាល័យមួយដែលមានគុណភាពខ្ពស់ ស្តង់ដារបស់អាមេរិកដើម្បីចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ និងពិភពលោកឲ្យស្របតាម កំណែទម្រង់វិស័យអប់រំរបស់កម្ពុជា៕