(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បើគ្មានការលះបង់ និងការចូលរួមរបស់យោធិនជំនាន់មុន ក្នុងការតស៊ូស្វែងរកសុខសន្តិភាពជូនប្រទេសជាតិនោះទេ យើងប្រហែលមិនមានអ្វីៗ ដូចសព្វថ្ងៃនេះទេ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា «ក្នុងនាមជាយោធិនជំនាន់ក្រោយ ក៏ដូចជាជំនួសមុខឱ្យយោធិនជំនាន់បន្តវេនទាំងអស់ សូមគោរព និងថ្លែងអំណរគុណដោយ សេចក្តីគោរពជានិច្ច ចំពោះពលលីកម្ម និងការលះបង់គ្រប់បែបរបស់យោធិនជំនាន់មុន ចំពោះគុណូបការៈនៃការលះបង់របស់ នាយទាហានក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងភាព សុខសាន្ត រហូតដល់សព្វថ្ងៃនេះ»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន នាយនាវី និងនាយអាវុធហត្ថ ដែលបានចូលបម្រើកងទ័ពក្នុង និងមុនឆ្នាំ១៩៧៩ចុះ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។
បន្ថែមពីលើនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យដឹងទៀតថា ការបំពាក់ឋានន្តរស័ក្ត គឺជាកាបង្ហាញ នូវគុណសម្បត្តិរបស់យោធិនគ្រប់ភាគីទាំងអស់ ដែលបានចូលរួមលះបង់បម្រើជាតិ ដែលការបំពាក់ឋានន្តរស័ក្ត គឺជាគោលនយោបាយបន្ថែម របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីជីវភាពនិងកិត្តិយស ដល់ កងទ័ពគ្រួសារកងទ័ព អតីតយុទ្ធជន ដែលនេះគឺជាការយកចិត្តទុកដាក់ទាំងជីវភាព កិត្តិយស និងលើកទឹកចិត្ត ចំពោះ ការលះបង់ ក្នុងការការពារសុខសន្តិភាព បូរណភាពទឹកដី និងបម្រើជាតិមាតុភូមិ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងដែរថា នាយទាហានដែល បានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ ពិតជារីករាយក្នុងជីវិតជាកងទ័ព ដែលបានទទួល សំលៀកបំពាក់ សំភារៈ ជារូបភាពកងទ័ពមានយសស័ក្តដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការគិតគូរ យកចិត្តទុកដាក់ ចំពោះកងទ័ព ដែលបានលះបង់និងចូលរួមស្វែងរកជូនប្រទេសជាតិនិងប្រជាជន។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានបន្ថែមថា លើសពីនេះ ក្នុងនាមកងទ័ពយើងរីករាយ ដែលមានថ្នាក់ដឹងនាំប្រកបដោយ សុភវិនិច្ឆ័យដែលបានគិតគូរពីសុខទុក្ខ ជីវភាព និងកិត្តយសរបស់កងទ័ព៕