(កំពង់ចាម)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនានេះ មន្ត្រីជំនាញជាតិផ្ទុះស៉ីម៉ាក់ នៅទិសខេត្តកំពង់ចាម បានបោសសំអាតផ្ទៃដីរងការគំរាមកំហែង ដោយសារគ្រាប់បែកចង្កោមអាមេរិក ស្ថិតនៅភូមិបុស្សថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មានផ្ទៃដីជាង២០ហិចតា បោសសំអាតរួចមានចំនួនជាង១០ហិចតា រកឃើញបែកចង្កោមចំនួន៧៨គ្រាប់។
លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមគ្រាប់បែកទាំងអស់នោះ គ្រាប់ដែលអាចដោះបន្សាបបានជា គ្រាប់បែកចង្កោមប្រភេទ BLU26 និងប្រភេទ BLU 54 មានចំនួន៦៥គ្រាប់ ខណៈក្រាប់បែក១៣គ្រាប់ទៀត ត្រូវបានកម្ទេចចោល។
លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា «បើគិតថា គ្រាប់បែកចង្កោមនេះមួយ គ្រាប់អាចបង្កឲ្យកូនខែ្មរម្នាក់ស្លាប់ ឬរបួស មានន័យថា ក្រុមជំនាញនេះ អាចសង្គ្រោះប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះមហន្តរាយ ពីគ្រាប់បែកចង្កោមទាំងនេះ បានចំនួន៦៥នាក់ដែរ។ រយៈពេលទំលាក់គ្រាប់បែកនេះ គិតរហូតមកដល់ពេលនេះជិត៥០ឆ្នាំហើយ តែវានៅមានគុណភាពល្អ អាចសម្លាប់មនុស្សបាននៅឡើយ»។
សូមរំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕