(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវឲ្យអ្នកប្រកបអាជីវកម្មទេសចរណ៍ទាំងអស់ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ត្រូវប្រញាប់រួសរាន់ទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី សម្រាប់ប្រកបអាជីវកម្មរបស់ខ្លួន នៅរដ្ឋបាលខណ្ឌឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ក្នុងអំឡុងពេល៣០ថ្ងៃ បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹនេះ។
លោកអភិបាលខណ្ឌលើកឡើងថា អាជីវកម្មទេសចរណ៍ទាំងនោះ មានសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះមានបន្ទប់ជួលស្នាក់នៅ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ-កាហ្វេ ហាងលក់សាច់អាំង ម៉ាស្សា-ស្បា ខារ៉ាអូខេ បៀរហ្គាឌិន រង្គសាល-ឌីស្កូតែក ស្នូកឃ័រ រថយន្ដដឹកទេសចរណ៍ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ និងរ៉ឺម៉កម៉ូតូដឹកទេសចរណ៍ ជាដើម។
លោក ជា ពិសី លើកឡើងដូចនេះក្នុងកិច្ចប្រជុំស្ដីពី ការប្រកបអាជីវកម្មទេសចរណ៍ ដែលពុំមានច្បាប់អនុញ្ញាត «គ្មានអាជ្ញាបណ្ណ» នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ នៅសាលាខណ្ឌឫស្សីកែវ។
លោកបានថ្លែងថា «តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ប្រសិនក្នុងករណីអាជីវកម្មទេសចរណ៍ មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ចាត់ទុកថាអាជីវកម្មរបស់លោក-លោកស្រី គឺកំពុងប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណទេសចរណ៍»។
យោងតាមមាត្រា៦៥ នៃច្បាប់ស្ដីពីទេសចរណ៍ ចែងថា បុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ ជាទឹកប្រាក់ដែលអប្បបរមាស្មើនឹង ២,០០០,០០០រៀល និងអតិបរមាមិនលើសពី ២០,០០០,០០០។
រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីជៀសវាងការផាកពិន័យ និងផ្អាកអាជីវកម្មរបស់ខ្លួន។
លោក-លោកស្រី អាចទំនាក់ទំនងទៅកាន់ លោក លឹម សាវឌី ប្រធានការិយាល័យទេសចរណ៍ខណ្ឌឫស្សីកែវ តាមរយៈទូរស័ព្ទលេខ ០៩៥ ៨១១ ៨៨៨ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ៕