(ភ្នំពេញ)៖ សមាគមខ្មែរ-ចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ អគារទីស្នាក់ការកណ្ដាលរបស់ខ្លួន ដែលស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយ​ចង្វារ ដែលនឹងចំណាយថវិកាចំនួន២,៣៦៨,០០០ដុល្លារអាមេរិក គ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ នៅក្រោយពាក់កណ្ដាល​ឆ្នាំ២០១៨។

ពិធីខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ​និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ប្រចាំកម្ពុជា និងឧកញ៉ា ឃុន សៀ ប្រធានគណៈកម្មការសាងសង់ទីស្នាក់ការសមាគមខ្មែរ-ចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងឲ្យដឹងថា «តាំងនាមរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរចំពោះ​អ្នកឧកញ៉ា ពុង ឃាវសែ និងសមាជិក ​សមាជិកា នៃសមាគមខ្មែរ-ចិន ទាំងអស់ដែល​ខិតខំរួមគ្នា​ហើយទទួលបាន នូវសមិទ្ធផលដ៏អស្ចារ្យនេះ»

ឧបនាយករដ្ឋមន្រ្តីបានបន្តថា ប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ការអភិវឌ្ឍន៍ លើគ្រប់វិស័យរបស់​ប្រទេសកម្ពុជា គឺមិនអាចកាត់ផ្ដាច់បានពីការជួយ ឧបត្ថម្ភរបស់មហាមិត្តចិនឡើយ។ តាមរយៈយុទ្ធសាស្រ្ដ «ខ្សែក្រវាត់មួយផ្លូវមួយ» របស់រដ្ឋាភិបាលចិន ប្រទេសកម្ពុជានឹងទទួល បានផលប្រយោជន៍ កាន់តែធំធេងថែមទៀត ពីទំនាក់ទំនង់មិត្តភាពជាប្រពៃណីកម្ពុជាចិន ។

ឧបនាយករដ្ឋមន្រ្តីបានថ្លែងថា «ដូចនេះ បងប្អូនខ្មែរ-ចិន មានលក្ខណៈពិសេសដោយខ្លួន ជាពលរដ្ឋខ្មែរហើយ មានជាប់ខ្សែរស្រឡែចិន សូមធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងកម្ពុជាចិនឲ្យស្ថិតស្ថេរជាអមតៈ ដើម្បផលប្រយោជន៍នៃការអភិវឌ្ឍន៍ ប្រទេសទាំងពីរគីកម្ពុជា-ចិន»

លោក Xiong Bo បានបន្តថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំសមាគមន៍ខ្មែរ-ចិន​នៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាជិកក្រុមប្រឹក្សានានា តំណាងសមាគមនានា និងឥស្សរជន មានពាក់ព័ន្ធទាំងអស់»

សូមជម្រាបថា អគារទីស្នាក់ការកណ្ដាលរបស់សមាគមខ្មែរ-ចិនថ្មីនេះ ដោយទទួលបានការបរិច្ឆាគដីទំហំ ៣០០០ ម៉ែត្រការេ ពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលគម្រោងនេះ មានតម្លៃ​ ២,៣៦៨,០០០ដុល្លារអាមេរិក គ្រោងនឹងដាក់សម្ពោធ នៅក្រោយ​​ពាក់កណ្ដាល​ឆ្នាំ២០១៨៕