(ភ្នំពេញ)៖ មន្រ្តីដឹកនាំ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់ស្រុកកំណើតវិញ ហើយ តាមរយៈអាកាសយានដ្ឋានភ្នំពេញអន្តរជាតិនារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧ នេះ បន្ទាប់ពី បញ្ចប់យុទ្ធនាការប្រកួតទល់នឹងម្ចាស់ផ្ទះហ្ស៊កដានី ស្ថិតក្នុងទ្វីបអាស៊ីដូចគ្នានោះ។
សូមបញ្ជាក់ផងដែរ ក្រុមដែលមានរហស្សនាមថា «គោព្រៃ» មួយនេះ មិនទទួលបានលទ្ធផលគាប់ប្រសើរឡើយ សម្រាប់១ប្រកួតដំបូងក្រៅដី ដោយចាញ់ហ្ស៊កដានីប្រទេសស្ថិតនៅតំបន់អារ៉ាប់រហូតដល់ទៅ ៧-០ ខណៈវគ្គទី១ បានរបូត២គ្រាប់ មុនពេលវគ្គទី២ បានបន្តរបូតរហូតដល់ ៥គ្រាប់បន្ថែមក្នុងការប្រកួតពេញម៉ោង ៩០នាទី នៅពហុកីឡដ្ឋាន King Abdullah II ក្នុងទីក្រុង Amman។
សម្រាប់ការចាប់ផ្តើមឆ្នាំ២០១៧ នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់រកបានជ័យជំនះ១ប្រកួតនៅឡើយទេ ក្នុងចំណោម៣ប្រកួតនាពេលថ្មីៗនេះ ដោយបានចាញ់អារ៉ាប់ប៊ីសាអូឌីត ៧-២ ក្នុងមិត្តភាពអន្តរជាតិកាលពីខែមករា ក្រោមការដឹកនាំរបស់គ្រូបង្វឹកចាស់លោក Lee Tae Hoon មុនមកចាញ់ឥណ្ឌា ៣-២ នៅពហុកីឡដ្ឋានជាតិក្នុងមិត្តភាពអន្តរជាតិទៀត និងចុងក្រោយចាញ់ហ្ស៊កដានី ៧-០ ក្នុងវគ្គសន្សំពិន្ទុនៃពូល C ពានរង្វាន់ AFC Asian Cup 2017 ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Leonardo Luiz ដែលជាជនជាតិប្រេស៊ីល៕