(ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថ្កោលទោសកោះតៃវ៉ាន់ចំពោះ ការធ្វើសមយុទ្ធយោធានៅតំបន់កោះកំពុងមានជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង និងថែមទាំងបានហៅ ទង្វើខាងលើនេះទៀតថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះដែនអធិបតេយ្យវៀតណាម និងសន្តិសុខនាវាចរថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរកងកម្លាំងការពារដែនសមុទ្ររបស់កោះតៃវ៉ាន់បានលើកឡើងថា សមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់កោះ Itu Aba គឺជាទម្លាប់របស់ខ្លួន។ តៃវ៉ាន់បានចាប់ផ្តើមធ្វើសមយុទ្ធនៅថ្ងៃពុធ និងគ្រោងបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍នេះ។ ឆ្លើយតបរឿងនេះអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាននិយាយថា «ការធ្វើសមយុទ្ធគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះដែនអធិបតេយ្យវៀតណាម គឺប្រជុំកោះ Spratly និងជាការគំរាមកំហែងដល់ សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនាវាចរព្រមទាំងសន្តិសុខ»។
បន្ថែមពីនេះប្រទេសវៀតណាម ក៏បានអំពាវនាវឲ្យកោះតៃវ៉ាន់ មិនត្រូវឲ្យមានសកម្មភាពបែបនេះកើតឡើងម្តងទៀតនោះឡើយ។ គួរបញ្ជាក់ថាកោះតៃវ៉ាន់ បានអះអាងអធិបតេយ្យទៅលើកោះ Itu Aba រីឯចិនគឺអះអាងអធិបតេយ្យលើដែនសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ដែលក្នុងនោះរួមមានទាំងកោះតៃវ៉ាន់ផងដែរ ហើយវាជាការប្រឈមមុខគ្នាជាមួយ ប្រទេសអាស៊ានមួយចំនួន ក្នុងនោះវៀតណាមខ្លាំងជាងគេ៕