(ក្រចេះ)៖ គម្រោងជួសជុលផ្លូវ និងអណ្ដូងទឹកជូនប្រជាពលរដ្ឋ ៦០០គ្រួសារ ក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ បានរួចជាស្ថានពរហើយ ដែលក្រោយជំនួយផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ ចៅ ផល្លី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា រួមជាមួយនិងលោក NGUYEN VAN THAI ប្រធានក្រុមហ៊ុន TAY NAM GRANITE CAMBODIA, លោក សេក ស្រស់ ប្រធានមន្ទីរសាធារណៈការខេត្តក្រចេះ និងលោក វរសេនីយ៍ត្រី ដាំ ឈឿន។
នាយឧត្ដមសេនីយ៍ បានថ្លែងថា «យើងបានជួសជុលផ្លូវទួលសុបិន្ដ ចម្ងាយ១៧០ម៉ែត្រ ក្នុងភូមិកាប៉ូ សង្កាត់អូឬស្សី ក្រុងក្រចេះ ផ្លូវមួយខ្សែនេះ ដែលជាការសំណូមពរ ពីប្រជាពលរដ្ឋ ចំនួន៣៥០គ្រួសារនិងអណ្តូងតៅ (អណ្តូងបុរាណ) ដែលកសាងតាំងពីឆ្នាំ១៩៥៧ដែលជាការសំណូមពរពី ប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ផ្សេងទៀត បានរួចជាស្ថានពរហើយ និងបានដាក់ឲ្យប្រជាពលរដ្ឋ យើងប្រើប្រាស់ជាផ្លូវការ រួមរាល់ដែរ» ។
នាយឧត្ដមសេនីយ៍ ថ្លែងទៀតថា បន្ទាប់ពីជួបពិភាក្សាការងារជាមួយ និងក្រុមប្រឹក្សាសង្កាត់អូរឫស្សីរួចមក លោកក៏បានចុះទៅពិនិត្យផ្ទាល់ពីការស្តាប្រឡាយទំនប់កាប៉ូ១,កាប៉ូ២ ដែលមានទទឹង៥មែ៉ត្រ ថែមកម្ពស់មួយម៉ែត្រ និងបណ្តោយ១៧៩០ម៉ែត្រ ហើយការកសាងនៃទំនប់មួយនេះ សម្រាប់ស្រោចស្របដីស្រែ ប្រមាណ៦៥ហិកតា ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះផងដែរ៕