(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះថា លោកបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋានតាមស្រាវជ្រាវ និងចាប់ខ្លួនជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់បងស្រីបង្កើតរបស់ខ្លួន និងបងថ្លៃជាអ្នកកាសែត បណ្តាលឲ្យស្លាប់ទាំង២នាក់ ស្ថិតនៅភូមិសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច នាព្រឹកមិញ។
លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា បងថ្លៃជនសង្ស័យឈ្មោះ ហែម ឆន ជាប្រធានគណៈកម្មការហិរញ្ញវត្ថុ នៃសមាគមអ្នកកាសែតខ្មែរសន្តិភាព និងប្រពន្ធរបស់ខ្លួន (បងស្រីបង្កើតជនសង្ស័យ) បានស្លាប់ដោយសារតែប្អូនប្រុសបានយកពូថៅកាប់ (មើលតាមលិខិតបញ្ជាក់របស់ក្លឹប)។
បើតាមលោកស្នងការ «ជនដៃដល់មុនដំបូង បានកាប់ទៅលើប្តី រួចហើយប្រពន្ធ បានរត់ទៅឲ្យគេជួយតែដោយសារផ្ទះគាត់នៅឆ្ងាយពីគេ ហើយនៅក្បែរនោះមានតែស្រ្តីទើបឆ្លងទន្លេគ្មានអ្នកផ្សេង ចឹងប្រពន្ធរត់មកមើលប្តីវិញ ស្រាប់តែជនដៃដល់បានកាប់បងស្រីខ្លួនឯងបន្តទៀត រហូតស្លាប់ទាំង២នាក់តែម្តង»។
យ៉ាងណាក៏ដោយ សម្រាប់មូលហេតុនោះ មិនត្រូវបានលោកស្នងការបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ដោយលោកថា ជនសង្ស័យជាមនុស្សវិកលចរឹក ហើយកាលពីមុនក៏ធ្លាប់ដេញកាប់គេផងដែរ។ នៅពេលនេះ កម្លាំងនគរបាលរបស់យើងកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធី ខណៈសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕