(ពោធិ៍សាត់)៖ អង្គការ Hallo Trust នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បាននាំយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៤គ្រាប់ ដែលជាលទ្ធផលដ៏អាក្រក់ពីសម័យសង្គ្រាម យកកម្ទេចចោលនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងនោះរួមមានប្រភេទ៖ 120MM ចំនួន៣គ្រាប់, 60MM ចំនួន៣គ្រាប់ និងប្រភេទ DK82 ចំនួន១៨គ្រាប់។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ចំនួន១២១គ្រាប់ ត្រូវបានអង្គការ Hallo Trust យកទៅកម្ទេចចោល ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ បន្ទាប់ពីរំដោះចេញក្នុងក្នុងដី អស់រយៈពេលជាង១ខែ ដែលប្រតិបត្តិការនេះធ្វើឡើងនៅ ត្រង់ចំណុចភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។
តំណាងអង្គការ Hallo Trust ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ Hallo Trust ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕