(ភ្នំពេញ)៖ កិច្ចប្រជុំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ រវាងរាជការក្រសួងមហាផ្ទៃ និងតំណាងបន្ទាយព្រះអាទិត្យ មើលទៅដូចគ្រាន់តែស្តាប់ចម្រៀងទំនួញនយោបាយរបស់បន្ទាយនេះដើម្បីសុំក្តីអាណិត ខណៈខ្លួនបានជ្រុលប្រព្រឹត្តកំហុសឆ្គងដែលមិនគួរឱ្យខុស តែមិនព្រមទទួលស្គាល់កំហុសដោយសារតែខ្លាចអាម៉ាសមុខធ្ងន់ធ្ងរ។ អាម៉ាសធ្ងន់ធ្ងរព្រោះបន្ទាយព្រះអាទិត្យមួយទាំងមូល មានតំណាងរាស្ត្រដល់ ៥៥រូប ជាអ្នកតាក់តែងច្បាប់ រួមនឹងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងមួយចំនួនផង មើលមិនយល់ថា អ្វីជាភាពស្របច្បាប់ អ្វីដែលមិនស្របច្បាប់លើការអនុវត្តលក្ខន្តិកៈរបស់ខ្លួន ប៉ុន្តែបែរជាប្រព្រឹត្តខុសលក្ខន្តិកៈខ្លួនទៅវិញ។ លក្ខន្តិកៈដែលក្រោយពីកែប្រែហើយនៅក្នុងសមាជថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ត្រូវតែជូនដំណឹងទៅក្រសួងមហាផ្ទៃ ស្នើសុំសុពលភាពជាថ្មីសិន មុននឹងរៀបចំឱ្យមានការជ្រើសរើសរចនាសម្ព័ន្ធបក្សជាថ្មី។ ប៉ុន្តែការរំលោភលើលក្ខន្តិកៈនេះពិតជាមាន មូលហេតុរបស់វាច្បាស់លាស់ ហើយច្បាប់គឺច្បាប់។
បន្ទាយព្រះអាទិត្យទំនងខ្លាចផ្ទៃក្នុងរបស់ខ្លួនដែលបានបែកស្រាំ ដោយសារតែអំពើក្បត់របស់ កឹម សុខា ក្នុងការរៀបចំផែនការក្រោមជំនួយរបស់មេទ័ពបន្ទាយទេវតា លេបបន្ទាយព្រះអាទិត្យទាំងមូល ទើបមិនអាចរង់ចាំរហូតដល់ រាជការក្រសួងមហាផ្ទៃទទួលស្គាល់សិន ចាំបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្មី។ កឹម សុខា ប្រញាប់ប្រញាល់ឡើងធ្វើមេទ័ពថ្មី នៃបន្ទាយព្រះអាទិត្យពេក ក្តោបក្តាប់បក្ស និងអ្នកគាំទ្រមួយបន្ទាយ ក៏ធ្វើការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនថ្មីឱ្យបានឆាប់តាមតែអាចធ្វើបាន ទោះបំពានលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សក្តី។ ធ្វើយ៉ាងណាឡើងគ្រប់គ្រងបន្ទាយឱ្យបានសិន ចំណែករឿងអ្វីៗចាំគិតក្រោយទៀត។
នេះគឺជាកំហុសបច្ចេកទេសមួយយ៉ាងធំ ដែលបន្ទាយព្រះអាទិត្យបានប្រព្រឹត្តនៅពេលនេះ ដែលគេមិនអាចបិទភ្នែកបានឡើយ ព្រោះអាចជាមេរៀនអាក្រក់សម្រាប់បក្សផ្សេងទៀតយកមកអនុវត្តធ្វើឱ្យខូចសណ្តាប់ធ្នាប់ច្បាប់ និងប៉ះពាល់ដល់មុខមាត់បក្ស និងជាតិទាំងមូល ព្រោះគេត្រូវបែងចែកឱ្យបានច្បាស់រវាងភាពស្របច្បាប់ និងភាពខុសច្បាប់។ បន្ទាយព្រះអាទិត្យកុំគិតថា អាចយកប្រហុកមកលាយជាមួយប៊របានឡើយ។ ប្រហុកខ្មែរ គឺជារឿងមួយដោយឡែក ចំណែកឯប៊របាំងជារឿងដោយឡែក មិនអាចលាយឡំគ្នាបានឡើយ។
ទទួលស្គាល់ដំណើរការសមាជវិសាមញ្ញ និងមិនយល់ទាស់ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈបក្ស ប៉ុន្តែអ្វីដែលអីនោះគឺកូនកើតមុនឳ។ បើសិនជារំលោភលក្ខន្តិកៈហើយ ព្រមទាំងធ្វើឱ្យកូនកើតមុនឪជាមួយ ការរៀបចំលក្ខន្តិកៈថ្មី មិនទាន់ទទួលសុពលភាពផង តែបែរជាបោះឆ្នោតរើសរចនាសម្ព័ន្ធថ្មី ហើយមិនទទួលស្គាល់ការពិតនោះ ព្យាយាមការពារខ្លួនថា ត្រូវនោះវាអាចនាំឱ្យមានរឿងរ៉ាវវែងឆ្ងាយ បង្កហានិភ័យសម្រាប់បន្ទាយទាំងមូល នោះវានឹងជាកំហុសផ្នែកនយោបាយមួយដ៏ធ្ងន់ធ្ងរបំផុត។ សម្រាប់ពេលនេះ ការចចេសរបស់បន្ទាយព្រះអាទិត្យបានត្រឹមខាតពេល និង បង្កភាពស្មុគស្មាញសម្រាប់ខ្លួន ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់។
ទី១៖ កិច្ចការអ្វីដែលរចនាសម្ព័ន្ធថ្មីបានសម្រេចគឺ មិនទាន់មានសុពលភាពទេដោយសារតែក្បាលម៉ាស៊ីនដឹកនាំមិនទាន់មានសុពលភាពរាប់ទាំងបញ្ជីឈ្មោះបោះឆ្នោត។ បើសិនជាតំណាងខេត្តរាជធានីត្រូវបាន ប្រតិភូកម្មអំណាចចុះហត្ថលេខាលើបញ្ជីឈ្មោះបេក្ខជនដើម្បីចូលរួមបោះឆ្នោត មិនថ្វីទេ ប៉ុន្តែបើបញ្ជីឈ្មោះទាំងអស់ត្រូវបានមេទ័ពថ្មី កឹម សុខា ឬអនុប្រធានទាំងបីចុះហត្ថលេខា នោះត្រូវតែរៀបចំ និងបញ្ជូនមកសាថ្មីព្រោះជាបញ្ជីឈ្មោះគ្មានសុពលភាព ដោយសារតែអ្នកផ្តល់សុពលភាពបញ្ជីឈ្មោះបេក្ខជនក្នុងបក្ស គ្មានសុពលភាព។
ទី២៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់ព្រមានរួចហើយថា ទោះមានព្យាយាមពន្យល់ តែរាជការក្រសួងមហាផ្ទៃមិនអាចទៅហួសនឹងអ្វីដែលក្រសួងបានសម្រេច និងបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនៃបន្ទាយនេះខុសលក្ខន្តិកៈបក្សត្រង់ប្រការ ៤៧។ មនុស្សពីរនាក់ដណ្តើមគ្នាដេកកណ្តាល ជម្រើសចុងក្រោយ រាជការមហាផ្ទៃមានតែប្រកាសគោលជំហរ របស់ខ្លួនជាផ្លូវការថា មិនទទួលស្គាល់ក្បាលម៉ាស៊ីនដឹកនាំបន្ទាយព្រះអាទិត្យថ្មី និងរុញឱ្យបន្ទាយនេះប្តឹងទៅតុលាការកំពូលដើម្បីកាត់សេចក្តី។
បើមិនចង់មានរឿងវែងឆ្ងាយ បន្ទាយព្រះអាទិត្យមានតែទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្តិកៈដែលទើបធ្វើវិសោធនកម្មថ្មីៗ និងរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនឡើងវិញ។ ប៉ុន្តែសួរថាតើ កឹម សុខា មូរ សុខហួរ ប៉ុល ហំម អេង ឆៃអ៊ាង ហ៊ានលះបង់តំណែង និងចុះមករៀបចំសមាជរើសរើសក្បាលម៉ាស៊ីនឡើងវិញទេ? ពិតជាមិនច្បាស់ក្នុងចិត្តឡើយ។ ឱកាសរបស់ក្រុម សម រង្ស៊ី នៅពេលនេះចាប់ផ្តើមឡើងរាសីបន្តិចវិញហើយព្រោះអាចមានសង្ឃឹមថា នឹងយកបក្សមកគ្រប់គ្រងវិញ ខណៈខ្លួនជាម្ចាស់ផ្ទះមាន ២៦កៅអី និងអ្នកគាំទ្ររាប់សែននាក់ តែបែរមកចាញ់បោកតារានយោបាយពីរយប់១០ដង កឹម សុខា សោះ។ ដូច្នេះប្រសិនបើ កឹម សុខា មិនព្រមលាលែងតំណែងរៀបចំសមាជថ្មី ក្រុម សម រង្ស៊ី និយមអាចនឹងធ្វើអ្វីមួយដើម្បីយក កឹម សុខា ចេញ ដើម្បីសង្គ្រោះបក្ស សង្គ្រោះមុខមាត់ សម រង្ស៊ី សង្គ្រោះការលះបង់ តំណែងដើម្បីបក្ស កុំឱ្យអត់ន័យ។ ជូឡុង សូមួរ៉ា ភរិយា សម រង្ស៊ី ក៏ចាប់ផ្តើមដើរតួនាទីជំនួសស្វាមីខ្លួននៅក្នុងបក្ស ទោះបីជាមិនមានតំណែងធំជាផ្លូវការ តែជាម្ចាស់ស្រីពិតនៃបន្ទាយព្រះអាទិត្យ។ កឹម សុខា ធ្វើមិនស្រួល ម្ចាស់ស្រីអាចឡើងដឹកនាំបន្ទាយខ្លួនឯង។ ពេលនោះ ទំនួញនយោបាយនឹងឮចេញបន្ទាយព្រះអាទិត្យ ហើយទង់ក្រពើក៏ត្រៀមនៅមាត់ច្រកចូលបន្ទាយដែរ។
ដោយ៖ ចៅចាក់ស្មុក