(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ចុះពិនិត្យការស្ថាបនាពង្រីកផ្លូវ១ខ្សែ ប្រវែង៤៦៥ម៉ែត្រ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក និងភូមិខ្វា សង្កាត់ដង្កោ ដោយផ្លូវចាស់ ចំណុចខ្លះមានទទឹងទំហំត្រឹម០៣ម៉ែត្រ ហើយបច្ចុប្បន្នបានពង្រីកដល់ទទឹងទំហំ១០ម៉ែត្រ និងស្ថាបនាចាក់បេតុងទទឹង០៥ម៉ែត្រ ប្រវែង៤៦៥ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទាំងពីរ។
ក្នុងឱកាសជួបសំណេះសំណាល សាកសួរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដែលគ្រោងស្ថាបនាថ្មីនេះ លោកអភិបាលខណ្ឌ បាន សាកសួរសុខទុក្ខ និងផ្តាំផ្ញើពីការយកចិត្តទុកដាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូពីការលំបាក និងបញ្ហានានារបស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។
តួយ៉ាងផ្លូវថ្មីដែលនឹងស្ថាបនាជាផ្លូវបេតុង និងពង្រីកឲ្យបានធំទូលាយជូនប្រជាពលរដ្ឋប្រើប្រាស់ ងាយស្រួលក្នុងការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត មានផាសុខភាពក្នុងការរស់នៅផងដែរ។ លោកអភិបាល ក៏បានផ្តាំផ្ញើរដល់បងប្អូនដែលរស់នៅសងខាងផ្លូវនេះ សូមមេត្តាយោគយល់ អធ្យាស្រ័យចំពោះការស្ថាបនា និងពង្រីកផ្លូវនេះ ចំពោះការប៉ះពាល់តិចតួចបណ្តាលមកពីការស្ថាបនា ដើម្បីជាប្រយោជន៍រួមរបស់បងប្អូនទាំងអស់គ្នា។
បងប្អូនប្រជាពលរដ្ឋទាំងអស់បានធ្វើការអបអរសាទរ និងថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូដល់ការលំបាករបស់ពួកគាត់ ហើយផ្លូវថ្មីនេះ នឹងធ្វើសម្រួលការធ្វើដំណើរយ៉ាងច្រើនដល់ពួកគាត់ផងដែរ។
បន្ទាប់មកទៀត លោក នុត ពុធដារ៉ា អភិបាលខណ្ឌ ក៏បានចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព ប្រជាពលរដ្ឋភូមិបុរីកម្មករ សង្កាត់ជើងឯក ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ និងបានចូលរួមថវិកាបុណ្យ ចំនួន ១០ម៉ឺនរៀលផងដែរ៕