(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារៈមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន ហៅកាត់ថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធឡើងក្រោមបរិយាកាស ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងធនាគារជាតិកម្ពុជា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងកិច្ចដំណើរការរៀបចំ កសាងសារៈមន្ទីរមួយ ដើម្បីឲ្យសាធារណជន ជាតិនិងអន្តរជាតិបានចូលរួមទស្សនា និងសិក្សាស្វែងយល់ពីប្រវិត្ត រូបិយវត្ថុនៅកម្ពុជា សារៈសំខាន់នៃរូបិយវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកន្លងមក ក៏ដូចជាធ្វើជាមជ្ឈមណ្ឌល ឯកសាររូបិយវត្ថុ មួយសម្រាប់សាធារណជនទូទៅ គ្រប់មជ្ឈដ្ឋាន។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា បុរាណវត្ថុ និងវត្ថុសិល្បៈ ដែលត្រូវបានផ្ទេរក្នុងពេលនេះ មានចំនួន៦៧មុខ រួមមាន កាសប្រាក់ ផ្លែពន្លាក ដុំលោហៈ ដែកទាមថ្មប្រាសាទ កំសៀវទឹក ប្រើប្រាស់ក្នុងសម័យបុរាណ។ ធនាគារជាតិនៃកម្ពុជា នឹងរក្សាទុកវត្ថុដ៏មានតម្លៃឥតគណនានេះ ជាសម្បតិ្តបេតិកភណ្ឌរបស់ជាតិ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់ ធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនេះ ឲ្យកាន់តែមានភាពប្រចក្សទៅនឹងដំណាក់កាល ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីបន្តថា សម្បត្តិបេតិកភណ្ឌទាំងនេះ មានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត ផ្នែកសិល្បៈ ស្ថាបត្យកម្ម ក៏ដូចជាសារៈសំខាន់សម្រាប់ សហគមន៍ផងដែរ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ យើងផ្ដោតសំខាន់តែលើប្រាង្គប្រាសាទ បុរាណវត្ថុ រូបចម្លាក់ដ៏ប្រណិត និងស្កឹមស្កៃតែប៉ុណ្ណោះ។ យើងពុំសូវបាន ចាប់អារម្មណ៍ពីសកម្មភាពសង្គម និងសេដ្ឋកិច្ច ឬនិយាយឲ្យងាយស្ដាប់ ថាយើងពុំដែលបានគិតថា តើក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាពិសេសសម័យកាលដ៏រុងរឿង ដូចជាសម័យកាលអង្គរជាដើម កម្ពុជានាពេលនេះ មានសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រព្រឹត្តិទៅយ៉ាងណាឲ្យប្រាកដនោះទេ។ ភស្ដុតាងបុរាណវិទ្យា បានបង្ហាញថា កម្ពុជាមានទំនាក់ទំនង និងធ្វើពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសធំៗក្នុងពិភពលោក ដូចជាចិន ឥណ្ឌា និងរហូតដល់ពិភពអារ៉ាប់ និងរ៉ូម៉ាំងទៀតផង។
ដោយឡែកលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា សារមន្ទីរខាងលើនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រសិទ្ធិនាមឈ្មោះថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន» តាមព្រះនាមរបស់ព្រះមហាវិរក្សត្រ ខ្មែរមួយព្រះអង្គដ៏ឆ្នើម ដែលបានសោយរាជ្យពីឆ្នាំ៦១១ ដល់ឆ្នាំ៦៣៧ ក្នុងសម័យចេនឡា មានរាជធានីនៅឦសានបុរៈ (សម្បូរព្រៃគុហ៍) រីឯរូបសញ្ញារបស់សារមន្ទីរនេះ គឺមាន «រូបព្រះអាទិត្យកំពុងរះ» ដោយយកលំនាំតាម រូបសញ្ញាកាក់ប្រាក់បុរាណមួយប្រភេទ ដែលក្រុមប្រវត្តិវិទូជាតិ និងអន្តរជាតិ ជឿជាក់ថា ជារូបីយវត្ថុដំបូង ដែលចរាចរនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងសម័យប្រវត្តិសាស្ត្រ និងត្រូវរកឃើញ នៅតំបន់អង្គរបុរី នៃប្រទេសកម្ពុជា។
លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជារូបនេះ បន្តទៀតថា ច្បាស់ណាស់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មនយើងនេះ អាចរៀបចំគ្រប់ជ្រុងជ្រោយ ដោយសារទទួលបានកិច្ចគាំទ្រ និងសហប្រតិបត្តិការល្អ ជាមួយបណ្ដាក្រសួង-ស្ថាប័នរដ្ឋនានា។ ជាក់ស្ដែង ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើមនេះ។ បច្ចុប្បន្ន ការងាររៀបចំ សម្រេចបានវឌ្ឍនភាពយ៉ាងច្រើន ហើយសង្ឃឹមជឿជាក់ថា សារមន្ទីរនេះនឹងបញ្ចប់ការសាងសង់ និងអាចចាប់ផ្ដើមដាក់ដំណើរការ ជូនដល់សាធារណជនជាតិ និងអន្តរជាតិចូលទស្សនា នៅចុងឆ្នាំ២០១៧នេះ៕