(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ជិះម៉ូតូ២គ្រឿង បានទៅភ្ជង់ជនរងគ្រោះ២នាក់ ឪពុកកូនយកថង់​ប្រាក់​ទាំងដុល្លារ លុយខ្មែរ ទូរស័ព្ទ និងកាតទូរស័ព្ទសរុបជិត២ម៉ឺនដុល្លារ បន្ទាប់ពីជនរងគ្រោះបានចេញពីទីតាំងលក់ដូរ និងដូរលុយក្នុងផ្សារយីហោ «ហាក់ស្រ៊ាង ឡាក់គីទួលសង្កែ» សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងនៅក្បាលព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែទើបបែកដល់អ្នកកាសែត នៅព្រឹកថ្ងៃទី៣០ ខែមីនា នេះដោយសារតែនគរបាលខណ្ឌឬស្សីកែវ លាក់ព័ត៌មាននេះ។

សាច់ញាតិជនរងគ្រោះបានលួចប្រាប់ភ្នាក់ងារ Fresh News ថា នៅល្ងាចមិញខណៈជនរងគ្រោះឈ្មោះ តឹក វ៉ា អាយុជិត៦០ឆ្នាំ និងកូនប្រុស បានជិះម៉ូតូ ចេញពីកន្លែងរកស៊ី និងដូរលុយ លុះពេលមកដល់មុខផ្ទះតាមផ្លូវបេតុង ក្រុម២ សង្កាត់ទួលសង្កែ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ យកកាំភ្លើងភ្ជង់ ប្លន់យកថង់លុយ ទូរស័ព្ទ និងកាតទូរស័ព្ទសរុបជិត២ម៉ឺនដុល្លារ។

នៅព្រឹកថ្ងៃនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅធ្វើកំណត់ហេតុ ហើយលើកឡើងថា ជារឿងមិនពិត ​តែសម្រាប់ជនរងគ្រោះបានអះអាងថា អស់ទ្រព្យសម្បត្តិពីខ្លួនហើយ។ ប្រជាពលរដ្ឋនៅក្បែរជនរងគ្រោះ បាននិយាយថា ឲ្យតែរឿងប្លន់ចឹងៗ សមត្ថកិច្ចតែងតែថា ជាករណីនេះ ករណីនោះ ដើម្បីចង់ដោះសារ និងមិនចង់ឲ្យស្នងការរករឿង ទាល់តែទៅប្លន់ចំសាច់ញាតិរបស់ខ្លួន ទើបអះអាងថា ចោរប្លន់មែន៕