(រតនគីរី)៖ តាមរបាយការណ៍របស់អនុគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្តរតនគិរី បានបញ្ជាក់ថា នៅឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្ត មានចំនួន១២២លើក ថយចុះ៦លើក បណ្តាលឲ្យមនុស្សស្លាប់៤៤នាក់ ថយចុះ១៨នាក់ បើធៀបនឹងឆ្នាំ២០១៥ ដែលលទ្ធផលនេះ ត្រូវបានអភិបាលខេត្តស្ដីទី លោកស្រី កែវ សាវឿន បានលើកឡើងថា ត្បិតតែមានការថយចុះមែន តែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។
របាយការណ៍ខាងលើ ត្រូវបានបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគបាលខេត្តរតនគិរី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់អនុគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានបញ្ជាក់ថា «នៅឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្តរតនគិរី មានចំនួន១២២លើក បណ្តាលឲ្យមនុស្សស្លាប់៤៤នាក់ (ស្រី៨នាក់) របួសធ្ងន់៨៤នាក់ របួសស្រាល១០១នាក់ ខូចខាតមធ្យោបាយសរុប២០១គ្រឿង ក្នុងនោះម៉ូតូ ១២៤គ្រឿង, រថយន្ត ៦០គ្រឿង, គោយន្ត ១១គ្រឿង, កង់ ៦គ្រឿង»។
លោកបន្តថា បើប្រៀបធៀបទៅឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តភាគឦសានមួយនេះ មានការថយចុះ ៦លើក មនុស្សស្លាប់ថយចុះ១៨នាក់ មនុស្សរបួសធ្ងន់ថយចុះ៨៥នាក់ មនុស្សរបួសស្រាលថយចុះ២៩នាក់។
របាយការណ៍បានបន្តថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីអ្នកបើកបរស្រវឹង១៦% មិនគោរពសិទ្ធិ២០% ជែងក្នុងស្ថានភាពគ្រោះថ្នាក់១៦% បទឆ្វេងក្នុងស្ថានភាពគ្រោះថ្នាក់១៤% មិនប្រកាន់ស្តាំ៨% បើកបរលើសល្បឿនកំណត់១៤% យានយន្តគ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់១០% ផ្លូវហ៊ុយ ផ្លូវគ្រោះ ផ្លូវរអិល២%។
ឆ្លើយតបនឹងបញ្ហានេះ លោកស្រី កែវ សាវឿន បានជំរុញឲ្យអនុគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី ត្រូវខិតខំបន្ថែមទៀតក្នុងការកាត់បន្ថយបទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានការថយចុះ ដោយត្រូវតស៊ូទប់ស្កាត់ ការបើកបរធ្វេសប្រហែសខ្ជីខ្ជា និងមិនត្រូវរើសអើងចំពោះការអនុវត្តន៍ច្បាប់ ដែលនៅតែកើតមានឡើង គួរឲ្យកត់សម្គាល់នៅឡើយ ដូចជា នៅតែមានអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការមិនគោរពសិទ្ធិអាទិភាព ការដឹកលើសចំណុះ ការបត់ ឬការជែង ដែលបង្កឲ្យមានហានិភ័យ និងមហន្តរាយដល់អាយុជីវិត ទោះបីមានការថយចុះ ប៉ុន្តែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។
លោកស្រី កែវ សាវឿន អភិបាលខេត្តស្តីទី បានលើកឡើងថា ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវគោលនយោបាយជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀត អនុគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី បានប្រមូលផ្តុំដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់ចែងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់ដល់អាយុជីវិត និងការរបួសស្នាមរបស់ប្រជាពលរដ្ឋ ក៏ដូចជាមហន្តរាយនានា ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។
អភិបាលខេត្តស្ដីទីបានបន្តាថា អនុគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានយកចិត្តទុកដាក់ដឹកនាំកិច្ចការជាច្រើន រួមមាន ការរៀបចំបទដ្ឋានគតិយុត្ត ការរៀបចំយន្តការ ការផ្សព្វផ្សាយច្បាប់ ការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តច្បាប់ជាដើម៕