(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅក្រោមគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានស្នើអង្គការ ILO បង្កើនកម្មវិធីបណ្តុះបណ្តាលថែមទៀតដល់និយោជក ដើម្បីជំរុញលើកកម្ពស់ការគោរពស្តង់ដារនៅតាមរោងចក្រនានា និងកាត់បន្ថយទម្រង់ពលកម្មកុមារ។
«ការមិនគោរពស្តង់ដារ និងប្រើប្រាស់ពលកម្មកុមារ មានកំរិតតិចតួចនៅឡើយ ហើយខ្ញុំគិតថាយើងអាចបន្ធូរបញ្ហាទាំងអស់នេះបាន តាមរយៈការបណ្តុះបណ្តាលនិយោជក និងនិយោជិត ឲ្យបានយល់ច្បាស់អំពីការអនុវត្តច្បាប់ និងលក្ខខណ្ឌការងារនៅក្នុងប្រទេសកម្ពុជា»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការ ILO បន្តកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីតាមដាន និងលើកទឹកចិត្ត ដល់ការអនុវត្តលក្ខខណ្ឌការងារ នៅតាមរោងចក្រនានា សំដៅធានាលើកស្ទួយឧស្សាហកម្ម កាត់ដេររបស់កម្ពុជា និងទាក់ទាញការបណ្តាក់ទុនពីបរទេស ក៏ដូចជាការបញ្ជារទិញកាន់តែច្រើនពីទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍វាយតម្លៃរបស់អង្គការ ILO បានឲ្យដឹងថា មានរោងចក្រកាត់ដេរចំនួន៤៨១ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា បានចូលរួមគោរពលក្ខខណ្ឌការងារបានល្អចំនួន ២១ចំណុច ពោលគឺបានកើនឡើងពី ៣៦ភាគរយ នៅក្នុងឆ្នាំ២០១៥ ដល់ទៅ ៥៦ភាគរយ នៅក្នុងឆ្នាំ២០១៦ ហើយក្នុងនោះ ការប្រើប្រាស់ពលកម្មកុមារ ក៏បានថយចុះគួរឲ្យកត់សំគាល់ ពោលគឺពី ៣៤ភាគរយ នៅក្នុងឆ្នាំ២០១៤ មកនៅ ១៨ភាគរយ ក្នុងឆ្នាំ២០១៥ និង ៩ភាគរយ នៅក្នុងឆ្នាំ២០១៦។ លទ្ធផលប្រសើរទាំងអស់នេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃកិច្ចសហការរវាងរាជរដ្ឋាភិបាល និង អង្គការ ILO ក្នុងការអនុវត្តកម្មវិធី BFC នៅក្នុងប្រទេសកម្ពុជា៕