(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖០០រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញជំហររបស់ខ្លួន ជុំវិញការពិភាក្សាអំពីសមាជខុសលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។
លោក ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឱ្យដឹងថា សន្និសីទនេះធ្វើឡើងដោយ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ និង លោក ប៊ុន ហ៊ុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
សូមជំរាបថា នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ តំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជួបប្រជុំជាមួយ តំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស សង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយអំពីបញ្ហាចោទប្រកាន់ថា សមាជគណបក្សប្រឆាំងខុសច្បាប់ ហើយក្រសួងមិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី ទាំង៣នាក់របស់គណបក្សប្រឆាំង។
បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំងរួច ក្រសួងមហាផ្ទៃ នៅអះអាងថា សមាជរបស់គណបក្សប្រឆាំងដែលជ្រើសរើសប្រធាន និងអនុប្រធាននោះ គឺខុសច្បាប់ ព្រមទាំងការប្រើប្រាស់ពាក្យស្លោកនយោបាយមិនសមស្របផងដែរ។ ចំណែកខាងបក្សប្រឆាំងវិញ បានលើកឡើងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន៕