(ត្បូងឃ្មុំ)៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញបញ្ជីឈ្មោះមន្រ្តីនគរបាលដែល ចូលនិវត្តន៍ ជិត២០០នាក់ ដែលត្រូវបានអញ្ជើញមកទទួលថ្នាំសង្កូវ និងអំណោយពីថ្នាក់ដឹកនាំ នាដើមខែមេសា ដើម្បីអបអរសាទរពិធីចូលឆ្នាំ ប្រពៃណីជាតិ។
ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននឹង រៀបចំពិធីជួបជុំមួយ ជូនមន្រ្តីនគរបាលដែលចូលនិវត្តន៍ចំនួន១៩៤នាក់ ដែលពិធីនេះនឹងប្រព្រឹត្តិទៅក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត និងនាយឧត្តមសេនីយ៍ កង សាខន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន។
បើតាមលោកឧត្តមសេនីយ៍ ក្រៅពីការផ្តល់អំណោយថ្នាក់ដឹកនាំរបស់យើង នឹងរៀបចំពិធីពិសារបាយសាមគ្គីផងដែរ។ ជាមួយគ្នានេះ សម្រាប់មន្ដ្រីនគរបាលដែលចូលនិវត្តន៍ មានជំងឺរ៉ាំរ៉ៃកំពុងរស់នៅផ្ទះ លោកស្នងការនឹងចាត់ឲ្យមន្រ្តីត្រៀមចុះសួរសុខទុក្ខ និងការផ្តល់ អំណោយដើម្បីអបអរសាទបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ការកត់សម្គាល់ លោកឧត្តមសេនីយ៍ បែន រ័ត្ន តែងតែរៀបចំកម្មវិធីនេះ តាំងពីលោកនៅជាស្នងការខេត្តកំពង់ចាមមកម្ល៉េះ ដោយមួយឆ្នាំ ជួបជាមួយ មន្រ្តីនគរបាល ដែលចូលនិវត្តន៍ចំនួន២ដង គឺនៅថ្ងៃចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ៕