(ស្ទឹងត្រែង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុទាំងអស់ជារបរស់ឯកជន មិនមែនជារបស់រដ្ឋទេ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងមានការយល់ច្រឡំ ហើយសូមកុំឲ្យចាញ់បោកការឃោសនារបស់ គណបក្សមួយចំនួន បានបំផុសបំផុលឲ្យប្រជាពលរដ្ឋ មិនបាច់បង់ប្រាក់ ពេលខ្ចីថវិកាពីមីក្រូហិរញ្ញាវត្ថុ។
ការលើកឡើងរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងចែក អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ជនពិការ និងជនចាស់ជរា ចំនួន ២៥០គ្រួសារ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីសមិទ្ធិផលមួយចំនួន ដែលរាជឃរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាបន្តបន្ទាប់ ក្នុងនោះរួមមាន ស្ពានឆ្លងទៅខេត្តព្រះវិហារ និងទមបន់វារីអគ្គីសនី សេសានក្រោម២ដែលកំពុងសាងសង់ ដោយមានការសហការជាមួយប្រទេសចិន ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង និងនៅតាមបណ្តាខេត្ត ជាប់ៗទៅនោះ បានប្រើប្រាស់គ្រប់ៗគ្នា។
បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស ថ្នាក់ដឹកនាំឃុំ-ភូមិដែលមានសមត្ថភាព និងស្មារតីជួយប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
នៅក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងអតីតយុទ្ធជន ចំនួន ២៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកា២ម៉ឺនរៀល អង្ករ២០គីឡូ និងគ្រឿងឧបភោគបរិភោគ និងសំភារៈប្រចាំថ្ងៃមួយចំនួនទៀត៕