(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ចេញចលនាប្រឡងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូ» និងបានដាក់ចេញគោលការណ៍ណែនាំ ស្តីពីរមណីយដ្ឋានទេសចរណ៍គំរូ ផងដែរ។
ការប្រកាសដាក់ចេញចលនាប្រឡងប្រណាំង និងគោលការណ៍ខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៥ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ។
លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា «ការដាក់ចេញចលនាប្រឡងប្រណាំងនេះ ក្នុងគោលបំណងធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ ទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ប្រកបដោយភាពទាក់ទាញ ជាផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយនិរន្តរភាព»។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានស្នើឱ្យគណៈកម្មការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ត្រូវរៀបចំការពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ និងស្នើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ ពិនិត្យត្រូវឡើងវិញ ខិតខំពង្រឹងបន្ថែម និងកែសម្រួលចំណុចខ្វះខាត ទៅតាមគោលការណ៍ណែនាំ រមណីយដ្ឋានទេសចរណ៍គំរូ។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយនេះ លោក ថោង ខុន បានណែនាំឱ្យគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវមាន៖
ទី១៖ ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រមណីយដ្ឋាន (Tourism Master Plan)។
ទី២៖ អ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ (Tourism site manager)។
ទី៣៖ សេវាទាំងអស់នៅក្នុងរមណីយដ្ឋាន ត្រូវមានគុណភាព ស្របតាមស្តង់ដាទេសចរណ៍។
ទី៤៖ ត្រូវមានសេវាគាំទ្រ ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ រាប់ទាំងបង្គន់សាធារណៈ សេវាផ្តល់ព័ត៌មាន ការគិតគូពីសន្តិសុខសុវត្ថិភាព អនាម័យចំណីអាហារ សេវាសង្គ្រោះបន្ទាន់ ជាពិសេសប្រព័ន្ធ ទូរសព្ទ និង WiFi នៅតាមរមណីយដ្ឋាន។
លោកបានអំពាវនាវឱ្យគ្រប់រមណីយដ្ឋានទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមនៅក្នុងចលនាប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូ លើកទី១នេះ ដើម្បីឈានទៅរកការបូកសរុប នៅខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ និងដើម្បីទាំងអស់គ្នា «រួមធ្វើ រួមគិត រួមទទួលខុសត្រូវ» ដើម្បីឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ ជាផលិតផលប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative and Innovative) ដើម្បីជាផ្នែកមួយ ក្នុងការចូលរួមទៅដល់ការសម្រេចបានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យបានចំនួន ៧លាននាក់ និងទេសចរក្នុងស្រុក ឱ្យបានចំនួន ១៩លាននាក់នៅឆ្នាំ២០២០។
សូមបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំ២០១៧ កម្ពុជាបានទទួលទេសចរអន្តរជាតិ ជាង១លាននាក់ កើនឡើង ១២.១% ធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៦។ ដើម្បីទទួលបានភ្ញៀវទេសចរប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ត្រូវមានកំណើនជាមធ្យម ១០% ដែលកិច្ចការងារនេះ ត្រូវគិតគូឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ ពិសេសរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេស ឱ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ៕