(ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបំប៉នជំនាញត្រួត ពិនិត្យល្បឿន ជាតិស្រវឹង និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យបទល្មើស ចរាចរណ៍នាថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧ ឧត្តមសេនីយ៍ឯក ហុឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានថ្លែងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងកែសម្រួលវិធានការពិន័យ អ្នកបើកបរល្មើសល្បឿនកំណត់ ដោយមិនបញ្ឈប់យានយន្តល្មើសតាមផ្លូវដើម្បីចេញបង្កាន់ដៃពិន័យទេគឺប្រើប្រាស់ទិន្នន័យចុះបញ្ជីយានយន្ត បញ្ជូនបង្កាន់ដៃពិន័យនិងរូបថត យានល្មើសល្បឿនទៅកាន់អាសយដ្ឋានម្ចាស់យានយន្ត អញ្ជើញមកបង់ ប្រាក់ពិន័យនៅស្នាក់ការនគរបាល។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ទៀតថា ករណីមិនបានបង់ប្រាក់ពិន័យលើស ៩០ថ្ងៃ នឹងត្រូវបញ្ជូនសំណុំរឿងទៅ តុលាការ។ ករណីម្ចាស់យានយន្ត មិនបានប្រព្រឹត្តល្មើសល្បឿន តែនៅជាប់ឈ្មោះដោយពេលលក់យានយន្តមិនបានផ្ទេរកម្មសិទ្ធិ ត្រូវបង្ហាញលិខិតលក់ទិញ ហើយការមិនបានផ្ទេរកម្មសិទ្ធិគឺមិនទទួលការពិន័យទេ លុះណាតែមានលិខិតបទ ដ្ឋានណែនាំនាពេលខាងមុខ៕