(កំពង់ចាម)៖ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានបន្ដជំរុញដល់ ប្រធាន-អនុប្រធានបក្ស និងអាជ្ញាធរមូលដ្ឋានស្រុកជើងព្រៃ ត្រូវការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលា ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។
នាយឧត្តមសេនីយ៍ ម៉ាឈឿន បានធ្វើឡើងក្នុងពិធីសំណេះសំណាល ប្រធាននិងអនុប្រធានបក្ស នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្ដកំពង់ចាមនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ថ្លែងបន្ដថា «យើងខ្ញុំទាំងអស់គ្នា ប្រធាន-អនុប្រធានបក្ស រួមទាំងបេក្ខជនឈរឈ្មោះ បោះឆ្នោត ទាំងពេញសិទ្ធិ និងបម្រុង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះថា សូមប្ដេជាចិត្ដប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការជួយប្រជាពលរដ្ឋគ្រប់ស្ថានការ ទាំងអស់ ពិសេសសម្រាប់បងប្អូន ដែលជនងាយរងគ្រោះ ឬការខ្វះខាតថវិកាក្នុងការព្យាបាល ក្នុងការធ្វើផ្លូវថ្នល់ វត្ដអារាម ធ្វើអណ្ដូង ជីកស្រះ និងបញ្ហាផ្សេងៗទៀត ដោយមិនទុកប្រជាជនចោលនោះឡើយ» ។
ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃរូបនេះ បានថ្លែងបន្ថែមទៀតថា ពិសេសគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជន ចំនួន១៣ចំនុច រួមមាន៖ ឃុំ សង្កាត់ ទទួលបានធនធានហិរញ្ញវត្ថុមិនតិចជាង ២.៨% នៃចំណូលចរន្ដថវិកាជាតិប្រចាំឆ្នាំ ហើយអត្រានេះនឹងត្រូវបង្កើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍឃុំ សង្កាត់, ខិតខំកាត់បន្ថយ អត្រាការប្រាក់ ក្នុងវិស័យហិរញ្ញវត្ថុ ឲ្យស្ថិតនៅក្នុងកម្រិត សមរម្យ និងពង្រីកកិច្ចការពារ ប្រជាជនក្រីក្រ ដែលជាខ្ចីប្រាក់ ពីស្ថាប័ន មីក្រូហិរញ្ញវត្ថុ, តម្លៃបណ្ដាញអគ្គិសនី ទឹក សំាង ចុះថោក, ប្រជាពលរដ្ឋ ដែលគ្មានដីធ្លីរស់នៅ និងផ្ដល់ដីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលតាមរយៈ ការអនុវត្ដកម្មវិធីសម្បទានដីសង្គមកិច្ច, អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងគោលការណ៍សំខាន់ៗជាច្រើនទៀត ដែលនឹងជួយឲ្យស្ថានភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរបន្ថែមទៀតចាំពីថ្ងៃទី១ ខែមេសាខាងមុខនេះតទៅ៕