(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន កំពុងរៀបចំបង្កើតគណៈកម្មការមួយដោយមានការចូលរួមពីមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ ដើម្បីតាមដាន និងពិនិត្យលើការអនុវត្តន៍ការផ្តល់សេវាតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងបំណងធ្វើឲ្យការផ្តល់សេវាមួយនេះកាន់តែមានប្រសិទ្ធភាព។
ការបង្ហាញពីគម្រោងបង្កើតគណៈកម្មការតាមដាន និងពិនិត្យលើកការអនុវត្តន៍ការផ្តល់សេវាតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះធ្វើឡើងក្នុងពេលដែលលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទីបួនជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គណៈកម្មការដែលគ្រោងបង្កើតនេះ មិនត្រឹមតែតាមដាន និងត្រួតពិនិត្យការអនុវត្តន៍ការងារប្រព័ន្ធស្វ័យប្រវត្តិកម្មប៉ុណ្ណោះទេ តែក៏នឹងស្វែងរកហេតុផលអសកម្មនានា ដែលកើតឡើងក្នុងដំណើរការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មនេះផងដែរ។
ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំសប្តាហ៍នៅរសៀលថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឲ្យមន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មឲ្យបានជោគជ័យ ដោយមិនត្រូវបណ្តោយឲ្យប្រព័ន្ធដ៏មានសារសំខាន់នេះដើរថយក្រោយនោះឡើយ។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យគ្រប់មន្ទីររាជធានី-ខេត្តទាក់ទងទៅកន្លែងលក់ម៉ូតូ និងរថយន្តធ្វើយ៉ាងណាឲ្យពួកគេរៀបចំ និងទទួលយកការប្រើប្រាស់ប្រព័ន្ធអនឡាញឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។
ការបង្កើតឲ្យមានសេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នេះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែមានការលំបាកពេលទៅរកសេវាទាំងនេះនៅក្រសួងសាធារណការ និងដឹកជញ្ជូននាពេលកន្លងទៅ បានសម្តែងការពេញចិត្ត និងគាំទ្រផងដែរ។ គាំទ្រព្រោះសេវាស្វ័យប្រវត្តិកម្មនេះ ជួយឲ្យពួកគេកាន់តែងាយស្រួល ចំណេញពេលវេលា ជាពិសេសមិនចំណាយថវិកាក្រៅផ្លូវការទៀតនោះឡើយ៕