(ភ្នំពេញ)៖ កម្លាំងនគបាលការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងនគបាល ខណ្ឌសែនសុខ បានឆ្មក់ចូលចាប់មេកន្ទុយ​លេខម្នាក់ ដោយដកហូតក្រដាសកត់​ម៉ាស៊ីនគិតលេខ​ ប៊ិច​ ប្រដាប់កឹប ទូរស័ព្ទដៃ និងថវិកាមួយចំនួនធំផងដែរ នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ​។

​​​មន្រ្តីនគបាលខណ្ឌសែនសុខ បានបញ្ជាក់ថា​​ ការឆ្មក់ចូលបង្ក្រាបល្បែងស៊ីសងនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៤ ​ក្នុងផ្សារឈូកមាស​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

បើតាមមន្រ្តីនគរបាល មេកន្ទុយលេខដែលត្រូវចាប់នេះមានឈ្មោះ ទី ធារិទ្ធ អាយុ​៣៩ឆ្នាំ ត្រូវបានបញ្ជូនខ្លួន​ ភ្លាមៗជាមួយវត្ថុតាង ដែលបានដកហូតទៅកាន់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ សម្រាប់ការចុះបង្ក្រាបនេះ ប្រជាពលរដ្ឋបានលើកឡើងថា «ការចុះបង្ក្រាបនេះប្រៀបដូចជាគោះទឹកបង្អើលត្រី»។

ជាមួយគ្នានេះ មន្រ្តីនគរបាលមូលដ្ឋានខ្លះ បានថ្លែងថា កម្លាំងនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ មានជំនាញតែស៊ើបអង្កេត ពាក់ព័ន្ធបញ្ហាផ្សេង តែនៅពេលនេះមកចុះបង្ក្រាបល្បែងកន្ទុយលេខដែរ ដូច្នេះប្រជាពលរដ្ឋក៏មិនយល់ដែរ៕