(ភ្នំពេញ)៖ ករណីប្រជាពលរដ្ឋម្នាក់នៅពេលថ្មីៗនេះ បានចោទប្រកាន់ថា ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ លោក សុខ សម្បត្តិ មិនព្រមចុះហត្ថលេខា ដើម្បីរៀបចំបែបបទសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរនោះ ត្រូវបានលោកចៅសង្កាត់ យល់ព្រមចុះហត្ថលេខាឲ្យហើយ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីពិនិត្យឃើញថា មានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
នាយករដ្ឋបាលខណ្ឌឫស្សីកែវ លោក សន សោភ័ណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃត្រង់ទី២៩ ខែមីនា ឆ្នាំ២០១៧នេះថា បន្ទាប់ពីមានការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ពីព័ត៌មានមិនប្រក្រតីចំពោះប្រជាពលរដ្ឋលោក ហឿន វិសាល អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ81HB ស្ថិតលើផ្លូវបេតុង ក្នុងក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយបានកាន់ឯកសារដើម្បីមកសុំហត្ថលេខា ពីអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ប៉ុន្តែត្រូវបានលោកចៅសង្កាត់ សុខ សម្បត្តិ បដិសេធមិនចុះហត្ថលេខាឲ្យ ព្រោះយល់ឃើញថា មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឡើយ និងមិនមានឯកសារគ្រប់គ្រាន់ ដូចសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។
លោក សន សោភ័ណ្ឌ បានបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ អាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ រួមជាមួយអាជ្ញាធរខណ្ឌឫស្សីកែវ នឹងកោះហៅបុរសខាលើ ឲ្យយកឯកសារមកពិនិត្យផ្ទៀងផ្ទាត់ ដើម្បីចុះហត្ថលេខាជូនផងដែរ ហើយអាចបន្តរៀបចំបែបបទនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរជូន។
បន្ទាប់ពីមានការយល់ព្រមចុះហេត្ថលេខាពីលោកចៅសង្កាត់នោះ ប្រជាពលរដ្ឋរូបនេះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរដែលបានជួយ សម្របសម្រួលរហូតដោះស្រាយបញ្ចប់៕