(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវហើយកំណត់បានទាំងទីតាំង និងពេលវេលា រហូតមកដល់រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកកិច្ចសហប្រតិបត្តិការ ចុះទៅបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដោយដកហូតបានថ្នាំញៀន៦កញ្ចប់ផងដែរ នៅត្រង់ចំណុចផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមមន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធ បទល្មើសជួញដូរគ្រឿងញៀន មានឈ្មោះ លឹម ទី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុខាងលើ និងម្នាក់ទៀតជាស្រី ពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀនមានឈ្មោះអ៊ុក ស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ ស្នាក់នៅក្រុម២ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមមន្ត្រីនគរបាលដដែល បានបញ្ជាក់ទៀតថា ដោយការខិតខំប្រឹងប្រែងបន្តផែនការតាមប្រសាសដឹកនាំពី នាយឧត្តម សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តយុទ្ធនាការ បង្កាបង្រាប គ្រឿងញៀនទូទាំងប្រទេស រយៈពេល៦ខែដំបូងនេះ ទាំងកម្លាំងនគរបាលប៉ុស្ដិ៍ និងខណ្ឌតែងតែសហការ ក៏ដូចជាបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីមានវិធានឈានដល់ ការលបឆ្មក់ ទៅបង្ក្រាបតែម្ដង ដោយជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន២នាក់ ដកហូតបានថ្នាំញៀន ៦កញ្ចប់។

ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ ជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង២នាក់ រួមជាមួយវត្ថុតាង ដែលដកហូត បានពីសកម្មភាព ត្រូវនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ រួមនិងបន្តអនុវត្តស៉ើបអង្កេតស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បីយកផ្ដន្ទាទោសតាមនិតិវិធី៕