(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយឲ្យលោក តេង តន អាយុ៦៥ឆ្នាំ កើតជំងឺឡើងខ្មៅជើងម្ខាង ហើយស្អុយរលួយ រស់នៅខេត្តកំពង់ធំ ឲ្យទទួលបានការព្យាបាលដោយឥតគិតថ្លៃ ក្នុងបន្ទប់សង្រ្គោះបន្ទាន់ ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅបានជួយឧបត្ថម្ភដល់ការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលនេះថែមទៀតផង។
ក្រុមគ្រួសារអ្នកជំងឺមានក្តីរំភើប និងមានសង្ឃឹមឡើងវិញ ក្រោយបានការយកចិត្តទុកដាក់ខ្ពស់ និងការសណ្តោសប្រណីពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដោះស្រាយ សម្របសម្រួលការព្យាបាល និងការផ្គត់ផ្គង់ការរស់នៅ ហើយជឿជាក់ថាអ្នកជំងឺនឹងមានសង្ឃឹមរស់តទៅទៀត។
សូមបញ្ជាក់ថា លោក តេង តន មានអាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអតីតមេភូមិព្រៃបន្លិច អស់រយៈពេល ២៥ឆ្នាំ ហើយធ្លាប់ទទួលបានប័ណ្ណសរសើរពីរាជរដ្ឋាភិបាលកម្ពុជា ដោយសារគាត់មានស្នាដៃល្អ ក្នុងការបម្រើប្រជាជន ហើយដោយសារការយកប្រាក់មកព្យាបាលជំងឺទើបធ្វើឲ្យជីវភាពគ្រួសារ មានជីវភាពធ្លាក់ដុនដាបជាខ្លាំង៕