(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ថា ឲ្យដឹងនៅថ្ងៃទី២៩ ខែមីនានេះថា ខ្លួនបានការតភ្ជាប់បណ្ដាញអគ្គិសនី ដោយសាងសង់បន្ថែមនូវខ្សែកាបទិ៍អគ្គិសនី កប់ក្រោមបាតសមុទ្រ ដើម្បី ផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់កោះស្ដេចរួចហើយ។
អគ្គសនីកម្ពុជា បានបញ្ជាក់ថា ការតភ្ជាប់បណ្ដាញអគ្គិសនី ដល់ប្រជាពលរដ្ឋខេត្តកោះកុងនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ដោយធ្វើការតភ្ជាប់ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់កោះស្ដេចចំនួន៦០០គ្រួសារ រោងចក្រទឹកកកចំនួន១ អង់តែនទូរស័ព្ទចំនួន៣ និងផ្ទះសំណាក់ចំនួន៣ ជំនួសការប្រើប្រាស់អគ្គិសនី ដែលផលិតថាមពល ដោយម៉ាស៊ីនម៉ាស៊ូតតូចៗលក់ក្នុងតម្លៃ ២,០៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា នៅពេលដាក់ដំណើរការជំហានដំបូងនេះ អគ្គិសនីកម្ពុជានឹងសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ នៅទីនោះដើម្បីឲ្យបន្ថយថ្លៃឲ្យចុះមកត្រឹម១,០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង រួចនឹងពិនិត្យលទ្ធភាពអនុគ្រោះថ្លៃ ជាបន្តបន្ទាប់ទៀតនៅពេលឆាប់ៗនេះ ដែលមានតម្លៃដូចខាងក្រោម៖
* ប្រើមិនលើស១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ថ្លៃ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង
* ប្រើពី ១១គីឡូវ៉ាត់ម៉ោងក្នុង១ខែ ដល់៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ ថ្លៃ៦១០រៀលក្នុងមួយគីឡូវ៉ាតម៉ោង
* ប្រើលើសពី៥0គីឡូវ៉ាត់ម៉ោងក្នុង១ខែ ថ្លៃ៧៩០រៀលគីឡូវ៉ាត់ម៉ោង
បន្ថែមពីផលប្រយោជន៍ ដែលប្រជាពលរដ្ឋទទួលបានថ្លៃទាបជាងមុន ក៏នៅមានប្រភពនៃខ្សែបណ្តាញថ្មី មានសមត្ថភាពផ្គត់ផ្គង់ លើសប្រភពមុន (ម៉ាស៊ីនភ្លើង) ជាង១០ដង ដែលប្រជាពលរដ្ឋអាចពង្រីកមុខ របរអាជីវកម្មប្រើប្រាស់ថាមពលដោយសេរី៕