(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោយមានបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញនេះ បានចុះឆែកឆេរទីតាំងស្តុក និងចែកចាយមួកសុវត្ថិភាព ដែលចម្លង និងធ្វើត្រាប់តាមការរចនារបស់ ក្រុមហ៊ុនមួកសុវត្ថិភាព «SPC» ដែលនាំឲ្យមានការភ័ន្តច្រឡំ ដែលរំលោភទៅនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ (ច្បាប់កម្មសិទ្ធិបញ្ញា)។
នៅពេលសមត្ថកិច្ចចុះប្រតិបត្តិការបានរកឃើញ និងដកហូតមួកសុវត្ថិភាពចំនួន៦១មួក មករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ គង់ ណារិទ្ឋ ភេទប្រុស មកសាកសួរបំភ្លឺដើម្បីបន្តនីតិវិធី។
ប្រតិបត្តិការឆែកឆែរខាងលើនេះ ធ្វើឡើងនៅទីតាំង ផ្ទះលេខ៩៧p ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីដោយលោក លី សុផាណា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងធ្វើឡើងទៅតាមការអនុវត្ត តាមពាក្យបណ្តឹងរបស់លោក លុយ គាត ម្ចាស់ម៉ាកមួកសុវត្តិភាព «SPC» ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម៕