(កំពង់ស្ពឺ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺលោក ហុង ចាន់សុខា និងលោកអភិបាលស្រុកសំរោងទង លោក ស៊ឹម រតនៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាឲ្យមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះ ទៅទប់ស្កាត់ និងហាមឃាត់សកម្មភាពគ្រឿងចក្រកំពុង ឈូសឆាយរំលោភយកចំណីផ្លូវជាតិលេខ៤ និងដីកម្មសិទ្ធិស្របច្បាប់ ប្រជាពលរដ្ឋចំនួន៦គ្រួសារ ស្ថិតនៅភូមិរំលោង ឃុំវល្ល័ស ស្រុកសំរោងទង។
មន្រ្តីអាជ្ញាធរមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News ថា អ្នកដែលបានយកគ្រឿងចក្រ ទៅឈូសឆាយរំលោភយកដីចំណីផ្លូវជាតិរបស់រដ្ឋ និងដីសេវាភាព (ដីបំរើឲ្យផលប្រយោជន៍សាធារណៈ) របស់ប្រជាពលរដ្ឋទាំង៦គ្រួសារខាងលើនេះ គឺលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋទាំង៦គ្រួសារ បានប្រាប់ទៅអាជ្ញាធរមូលដ្ឋានថា «ដីដែលលោក ប៊ិញ ជីវតុង កំពុងរំលោកយកនេះ មួយផ្នែកធំជាដីបំរើឲ្យ ផលប្រយោជន៍សាធារណៈ ចំណែកមួយផ្នែកផ្សេងទៀត ជាដីសាធារណៈដែលប៉ះពាល់ដល់ផ្លូវជាតិ និងផ្លូវទឹកថែមទៀត។ ចំពោះដីនេះត្រូវបាន ដោះស្រាយជាច្រើនដងរួចមកហើយតែលោក ប៊ិញ ជីវតុង តែងលើកឡើងថា សង់ខ្ទមសម្រាប់យាមចំការ តែធាតុពិតលោកបែរជាសង់ផ្ទះ ធ្វើអំពីថ្មយ៉ាងធំទៅវិញ ដោយសង់លើដីផ្លូវ និងសង់លើដីសេវាភាពរបស់យើងទាំងអស់គ្នា»។
បើតាមប្រជាពលរដ្ឋ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ស្រាប់តែប្រធានមន្ទីររ៉ែ និងថាមពលរូប បានយកគ្រឿងចក្រទៅលួសឆាយរំលោភដោយស្ងាត់ៗ តែព័ត៌មាននេះបានដឹងដល់លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោង ក៏បានបញ្ជាឲ្យមន្រ្តីជំនាញចុះទៅមើល និងទប់ស្កាត់តែម្តង។
ដោយឡែកជុំវិញករណីនេះលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានស្នើសុំឲ្យអ្នកយកព័ត៌មាន ជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋ យល់ពីច្បាប់ស្តីពីផ្លូវថ្នល់ផងដែរ និងឲ្យមន្ត្រីចុះពិនិត្យ។
ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើ បានលួចប្រាប់ថា ពួកគ្រាន់តែចាក់ដីដើម្បីសង់លំនៅដ្ឋាន ឬធ្វើតូបលក់ដូរ រកស៊ីចញ្ចឹមក្រពះបែរជាតម្រូវ ឲ្យធ្វើច្បាប់ បង្កការលំបាកយ៉ាងខ្លាំងដល់ពួកគាត់ តែត្រង់លោកប្រធានមន្ទីររ៉ែវិញ ចាក់ដីយកដីសាធារណៈយ៉ាងព្រងើយមិនឃើញ មានអ្នកមកឃាត់សោះទើបតែពេលនេះចុះមកឃាត់។
ទាក់ទងនិងការចោទប្រកាន់ខាងលើនេះលោក ប៊ីញ ជីវតុង បានឆ្លើយបដិសេធថា ដីដែលកំពុងចាក់នេះមិនមែនជាដីរបស់លោកទេ គឺម្ចាស់ផ្សេង ដែលការចាក់ គេមានគំរោងធ្វើការ៉ាស់សាំង ចំពោះផ្ទះថ្មរបស់លើដីសេវាភាពរបស់អ្នកដទៃនោះលោកថា «បើរដ្ឋត្រូវការលោក នឹងប្រគល់រដ្ឋវិញ»។
តែសម្រាប់ប្រជាពលរដ្ឋវិញបានឆ្លើយថា ទីតាំងនោះរដ្ឋមិនត្រូវការទេ មានប្រជាពលរដ្ឋទើបត្រូវការនេះ ជាឆ្លើយដោះសារទាំងស្រុងរបស់ លោកប្រធានមន្ទីរ តែយ៉ាងណាក៏ដោយតាមអ្នកចុះទៅផ្ទាល់នៅទីនោះ ពិតជាបានឃើញលោកប្រធានមន្ទីរ បានយកគ្រឿងចក្រទៅឈូសឆាយ រួចហើយបើករត់នៅពេលអាជ្ញាធរចុះទៅហាមឃាត់៕