(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺដង្ហើម-ហឺតចំនួន៥០នាក់ ដែលកំពុងជួបការលំបាកផ្នែកថវិកា ដើម្បីយកទៅចំណាយ លើការព្យាបាលនោះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានទទួលការពិនិត្យ ព្យាបាល និងផ្តល់ថ្នាំដោយឥតគិតថ្លៃ ពីសំណាក់វេជ្ជបណ្ឌិតឯកទេស ក្រោមការរៀបចំឡើងដោយ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Phamar។
អ្នកជំងឺដង្ហើម-ហឺតក្រីក្រ បានបង្ហាញនូវក្តីរីករាយ និងក្តីសង្ឃឹម ក្រោយពីបានទទួលការពិនិត្យ និងព្យាបាល ក្នុងកម្មវិធីសប្បុរសធម៌នេះ។ ពួកគាត់បានលើកឡើងថា នេះគឺជាការយកចិត្តទុកដាក់មួយ ក្នុងការចូលរួមធ្វើឲ្យសុខភាពពលរដ្ឋកម្ពុជា កាន់តែមានភាពប្រសើរឡើង និងចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។
លោកស្រីវេជ្ជបណ្ឌិត កាវ សួនធុក ឯកទេសមកពីមន្ទីរពេទ្យជោរ៉ៃហូជីមិញ ដែលបានមកពិនិត្យ និងព្យាបាល ក្នុងកម្មវិធីសប្បុរសធម៌នេះ បានឲ្យដឹងតាមអ្នកបកប្រែថា ឆ្លងកាត់តាមការពិនិត្យនេះ លោកស្រីបានរកឃើញថា ភាគច្រើននៃអ្នកជំងឺដង្ហើម-ហឺត កម្ពុជា បានមកជួបជាមួយគ្រូពេទ្យយឺត ក្រោយពីកើតជំងឺ ប៉ុន្តែមិនមានការខុសប្លែកគ្នាច្រើនប៉ុន្មាន ពីអ្នកជំងឺដង្ហើម-ហឺត នៅប្រទេសវៀតណាមនោះទេ។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺដង្ហើម-ហឺត នៅពេលធ្វើទុកធ្ងន់ធ្ងរ អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន ប្រសិនបើគ្មានការជួយសង្គ្រោះ ឲ្យបានទាន់ពេលវេលា។ ក្នុងន័យនេះលោកស្រីវេជ្ជបណ្ឌិត បានផ្តល់ដំបូន្មានឲ្យអ្នកដែលមានរោគសញ្ញាថប់ពិបាកដង្ហើម ឧស្សាហហត់ គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទាន់ពេលវេលា៕