(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងមន្ត្រីជំនាញស៉ីម៉ាក់ បានដោះគ្រាប់បែកដ៏គ្រោះថ្នាក់ ចំពោះអាយុជីវិតប្រជាពលរដ្ឋ ប្រភេទ MK82 ចំនួន១គ្រាប់ទៀតហើយ នៅក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ក្បែរស្ពានគុណគ្រូ)។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួនប្រមាណ៣លាន ដែលមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន នៅតាមផ្លូវលំហូជីមិញ ស្ថិតនៅជាប់ព្រំដែន។
ចំពោះការរកឃើញគ្រាប់បែកដ៏គ្រោះថ្នាក់នេះខេត្តកំពង់ស្ពឺ កណ្តាលជាដើម ត្រូវបានលោក ហេង រតនា ចាត់ទុកថា អាមេរិក មិនមែនមានតែចេតនាសម្លាប់ពួកយួនប៉ុណ្ណោះទេ ប៉ុន្តែមានចេតនាបំផ្លាញប្រទេស និងសម្លាប់ប្រជាជនកម្ពុជាផងដែរ។
លោក ហេង រតនា បានបញ្ជាក់ថា «នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅវេលាម៉ោងជាង០១ ក្រុមជំនាញស៉ីម៉ាក់បានដោះបន្សាប គ្រាប់បែកប្រភេទ MK82 មួយគ្រាប់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ក្បែរស្ពានគុណគ្រូ) ។ ប្រហែលអ្នកបើកយន្តហោះយល់ច្រឡំថា ជាតំបន់ផ្លូវលំហូរជីមិញ ស្ថិតនៅជាប់ព្រំដែន ឬពួកយួនចូលមកពួននៅតំបន់នេះ ហើយមើលទៅ! តែគិតចុះគិតឡើងដូចមិនអញ្ចឹងទេ!»។
លោកបានលើកឡើងទៀតថា «ក្រុមជំនាញដោះបន្សាបគ្រាប់នេះ បានទទួលការគាំទ្រកិច្ចប្រតិបតិ្តការពីសហរដ្ឋអាមេរិក នេះបានហៅថា កំលាំងជំនាញទទួលការគាំទ្រពីសហរដ្ឋអាមេរិក ដោះសំអាតគ្រាប់បែកអាមេរិកមែន។ នេះជារង្វាន់បន្សល់ទុក ពីសង្គ្រាមមួយគ្រាប់ទៀត សំរាប់ប្រជាជនកម្ពុជា»៕