(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជា ដែលរៀបចំដោយអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនិង មានការចូលរួមពីសិស្ស-និស្សិត ចំនួន ២៦៧០ នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួន ១.២៧០នាក់ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាឪពុក ជាគ្រូ និងថ្នាក់ដឹកនាំគំរូមួយរូប ដោយសារតែសម្ដេចកើតមក មិនមែនជានាយកដ្ឋមន្ត្រីទេ ហើយក៏មិនមែនជាកូន អ្នកមានស្ដុកស្ដម្ភនោះដែរ គឺជាកូនអ្នកក្រីក្រជនបទ ដូចយើងទាំងអស់គ្នា ប៉ុន្តែឆ្លងកាត់ការខិតខំប្រឹងប្រែងតស៊ូ និងលះបង់គ្រប់កាលៈទេសៈ ដែលកម្ពុជាបានឆ្លងកាត់ទើបអាចសម្រេចបាន ហើយទទួលបានជោគជ័យ ដូចពេលនេះ។
តាមលោក ហ៊ុន ម៉ានី បានថ្លែងក្នុងពិធីបោះជំរំអន្តរជាតិ លើកទី៧ (World Camp) នៅកម្ពុជាថា ភាពជាគំរូមាន២ គឺទី១ខ្លឹមសារ នៃការចែករំលែក គឺខ្លឹមសារអប់រំទៅឲ្យអ្នកដទៃនិងទី២ ទង្វើរបស់យើងម្នាក់ៗដែលបានអនុវត្ត។
លោក ហ៊ុន ម៉ានី បានលើកជាឧទាហរណ៍ថា យើងមានថ្នាក់ដឹកនាំ ជាបុព្វបុរសជាច្រើនទៀត ដូចជាព្រះបាទ ជ័យវរ្ម័ន ទី៧ ដែលព្រះអង្គបាន សាងសង់ ប្រាសាទអង្គរវត្ត ទុកជាកេរដំណែល មកដល់កូនចៅយើងជំនាន់ ក្រោយសម្ដេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាងប្រទេស ដែលមានស្នាដៃដូចអ្វី ដែលយើងបានដឹង កន្លងរួចមកហើយ ដូចជាការទាមទារឲ្យទទួលបានឯករាជ្យ និងការទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ ឲ្យក្លាយជាបេតិកភណ្ឌ របស់ខ្មែរពិតប្រាកដនៅឆ្នាំ១៩៦២ជាដើម។
លោកបានលើកជាឧទាហរណ៍បន្ថែមថា ហេតុអ្វីបានជាយើងស្គាល់ ចាន់ វឌ្ឍនាការ និងប្រាក់ មុន្នីឧត្តម ជាដើម គឺដោយសារតែអ្នកទាំងនោះ បានធ្វើអ្វីមួយឲ្យយើងពេញចិត្ត មានការកោតសរសើរជាដើម។ ដូចជាព្រះបាទ ជ័យវរ្ម័នទី៧ និងសម្ដេចតេជោ ហ៊ុន សែន ជាដើម ការដែលយើងស្គាល់ពួកគាត់ គឺដោយសារតែគាត់ បានសាង អង្គរទុកជាកេរដំណែល មកឲ្យកូនចៅសព្វថ្ងៃ និងមានស្នាដៃ ក្នុងការដឹកនាំ បង្រួបបង្រួមជាតិ រកសុខសន្តិភាព ជូនប្រជាពលរដ្ឋប្រទេសជាតិ ជាដើមដូច្នេះយើងចងចាំឈ្មោះ របស់ពួកគាត់នៅក្នុងបេះដូង ហើយថែមទាំង កំណត់ត្រាទុកជាប្រវត្តិសាស្ត្រទៀតផង។
លោក ហ៊ុន ម៉ានី លើកឡើងទៀតថា ការដែលលោកគោរព ស្រឡាញ់ សម្ដេចតេជោ ហ៊ុន សែននោះ គឺមិនមែន ដោយសារតែជាឪពុកនោះទេ គឺដោយសារតែគាត់បានចែករំលែកខ្លឹមសារ អប់រំ ទៅដល់អ្នកជំនាន់ក្រោយ និងការអនុវត្តជាក់ស្ដែង ។ លោកបន្តទៀតថា អ្វីដែលជាចំណុចពិសេសទៀតនោះ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍បរទេស ដែលពេលនោះអ្នកសារព័ត៌មាន បានលើកជាសំណួរថា តើសម្ដេចចង់ឃើញយុវជន ជំនាន់ក្រោយរបៀបណា ចំពោះកម្ពុជាពេលនោះសម្ដេចបានលើកឡើងថា កាលៈទេសៈ នៃប្រទេសកម្ពុជា បានវិវឌ្ឍខុសគ្នា ពីដំណាក់ដែលសម្ដេចជាយុវជន ប៉ុន្តែអ្វីដែលសម្ដេចង់ឃើញយុវជនជំនាន់ ក្រោយនោះគឺ យុវជនចូលរួមដោយស្មើសិទ្ធិទាំងយុវជនខ្មែរ និងបរទេសនៅលើឆាកអន្តរជាតិ ហើយអ្វីដែលពិសេសនោះ មិនត្រឹម តែជាយុវជនទេ គឺចង់ឃើញកូនខ្មែរវិវឌ្ឍទៅជាអ្នកដឹកនាំស្មើរសិទ្ធិជាមួយអន្តរជាតិ ។
ជាមួយគ្នានោះលោក ហ៊ុន ម៉ានី បានផ្តាំផ្ញើឲ្យប្អូនៗដែលទទួលបានចំណេះដឹងពីទីនេះត្រូវយក ទៅចែករំលែកជូនដល់អ្នកផ្សេងទៀត ដែលមិនទទួលបានចំណេះដឹងពីទីនេះ៕