(កំពង់ធំ)៖ សូមហាមទិញទំនិញ ដែលខូចគុណភាពទាំងអស់គ្នា! មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញទំនិញប្រភេទចាហួយដូង ទឹកដោះគោ ភេសជ្ជៈប៉ូវកម្លាំង និងមីតុងយ៉ាំយ៉ាងច្រើន ដែលផលិត និងនាំចេញពីប្រទេសវៀតណាម-ថៃ ខូចគុណភាពត្រូវបានក្រុមអាជីវករ យកទៅដាក់លក់ នៅផ្សារស្រយ៉ូវ ជូនប្រជាពលរដ្ឋធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង។

ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារស្រយ៉ូវ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារតាមការណែនាំពីថ្នាក់ដឹកនាំ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ Fresh Newsថា «បន្ទាប់ពីចុះត្រួតពិនិត្យ យើងបានរកឃើញផលិតផលជា​ច្រើន​ដែលខូចគុណភាព ដូចជា ៖ ទី១-ចាហួយដូងម៉ាកThanh Binh ចំនួន១០៨កញ្ចប់ ផលិតនៅប្រទេសវៀតណាម  ទី២-ទឹកដោះគោម៉ាក AD ចំណុះ១៣០ml ចំនួន៣៥ដប ចំណុះ២៥០ml ចំនួន១៦ដប ផលិតនៅប្រទេសថៃ ទី៣-ទឹកដោះគោម៉ាក Wahaha ចំណុះ២៨០ml ចំនួន២០ដប ផលិតនៅប្រទេសថៃ  ទី៤-ភេសជ្ជៈប៉ូវកម្លាំងម៉ាក Conkia ចំណុះ២៧០ml ចំនួន១៥ដប ផលិតនៅក្នុងស្រុក ទី៥-ទឹកក្រូចម៉ាកកូកាកូឡាចំណុះ៣០០ml ចំនួន៧ដប ផលិតនៅប្រទេសថៃ ទី៦-តែប៉ៃតង ចំណុះ៣៥០ml ចំនួន១២ដប ផលិតនៅប្រទេសថៃ ទី៧-មីកំប៉ុងតុងយុំាងម៉ាម៉ា៥កំប៉ុង ផលិតនៅប្រទេសថៃ ទី៨-ទឹកក្រូចចម្រុះចំណុះ៦០០ml ចំនួន៤៥ដបផលិតក្នុងស្រុក និងទី៩-ទឹកក្រូចម៉ាកសុំារ៉ៃហ៍ ចំនួន៦៦កំប៉ុងផលិតក្នុងស្រុក»

បើតាមមន្រ្តីកាំកុងត្រូល បន្ទាប់ពីរកឃើញទំនិញទាំងនេះខូចគុណភាព ក្រុមការងារទាំងអស់ បានបានធ្វើកំណត់ហេតុ និងដកហូតយកទៅដុតកម្ទេចចោលផងដែរ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះក្រុមការងារបានណែនាំ ដល់អាជីវករឲ្យចៀសវៀង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យ​យល់ដឹង​ពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រែះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា «ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង»។

សូមបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕