(ភ្នំពេញ)៖ ដូនតាខ្មែរយើងតាំងពីបុរាណមក ដែលបានស្គាល់ជីវិតសង្គម និងនយោបាយច្បាស់លាស់ បានផ្តែផ្តាំកូនចៅកុំឲ្យជឿលើអ្វីមួយដែល មិនមែន ជាការជាក់ស្តែង ឬកុំជឿលើអ្នកណាម្នាក់ ដែលគ្រាន់តែនិយាយ ឬដោយគ្រាន់តែសន្យា។ ចាស់បុរាណច្រើនយកធម្មជាតិ ជាឧទាហរណ៍។ ពាក្យក្រើនរម្លឹកដែលយើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយបានដឹងគ្រប់គ្នានោះគឺ «កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង»។ ពាក្យនេះពិតជាមានន័យ ស៊ីជម្រៅខ្លាំងណាស់ដែលយើងគួរតែស្វែងយល់ និងចងចាំ។
ពាក្យថា «កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង» ជាន័យចំគឺដូនតាយើងចង់ក្រើនរម្លឹកថា កុំគ្រាន់តែឃើញមេឃមានពពកខ្មៅ និងលឺសូរផ្គរលាន់គ្រឹមៗ ឯនាយជើងមេឃ ក៏នាំគ្នាសន្និដ្ឋានថា បន្តិចទៀតនឹងមានភ្លៀងធ្លាក់មកហើយ។ ដូច្នេះម្នាក់ៗក៏នាំគ្នាប្រញ៉ាប់ប្រញ៉ាល់ចាក់ទឹកក្នុងពាង ក្នុងបំពង់ចោលអស់ព្រោះសង្ឃឹមថា នឹងអាចបានត្រងទឹកភ្លៀងថ្មីជំនួសវិញ។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែខ្យល់បក់ពពកខ្មៅរសាត់អស់ ហើយមេឃក៏ស្រឡះឡើងវិញ ទឹកភ្លៀងក៏មិនបានធ្លាក់មកដែរ។ ពេលនោះគ្រប់គ្នាក៏គ្មានទឹកប្រើប្រាស់ជួបគ្រោះអាសន្នធំ ពីព្រោះតែទឹក ដែលនៅក្នុងពាង ក្នុងបំពង់ស្រាប់នោះ នាំគ្នាចាក់ចោលអស់ទៅហើយ។
យ៉ាងណាមិញ នៅក្នុងសង្គមជាក់ស្តែងក៏មានរឿងរ៉ាវជាច្រើនដូចគ្នានេះកើតមានដែរ។ មិនត្រឹមតែន័យចំទេ ដូនតាខ្មែរយើងក៏បានបង្កប់ន័យ ធៀបក្នុងនោះផងដែរ ពោលគឺពួកគាត់ចង់ផ្តាំកូនចៅកុំឲ្យឆាប់ជឿលើអ្វីដែលមិនមែន ជាការជាក់ស្តែង អ្វីដែលមិនទាន់មកដល់ហើយគ្រាន់តែ លឺតាមខ្យល់ តាមពាក្យសន្យាមិនប្រាកដប្រជា។ ចំណុចត្រង់នេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្នដែល នយោបាយប្រជាភិថុតិ តាមរយៈការឃោសនា ការសន្យាខ្យល់កំពុងកើតមានយ៉ាងពេញបន្ទុក។ គណបក្សនយោបាយខ្លះសន្យាហួសមាឌ របស់ខ្លួនទៅទៀតក៏មានដែរ។ ពួកគេសន្យាផ្តល់ប្រាក់ឧត្តម្ភចាស់ជរា សន្យាដំឡើងប្រាក់ខែមន្ត្រីរាជការ កម្មករ គ្រូបង្រៀន ទាហាន ប៉ូលិស។ ពួកគេសន្យាផ្តល់ថវិការាប់សិបម៉ឺនដុល្លារ ដល់ក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែមិនដឹងថា បានលុយមកពីណាទេ គឺចេះតែដេកស្រម៉ៃហើយបូក ដក គុណ ចែក ខ្យល់សុទ្ធ។
អ្វីដែលគួរកត់សម្គាល់ម្យ៉ាងទៀត ពួកគេសន្យាដំឡើងប្រាក់ខែជូនកម្មករ តែនៅម្ខាងទៀតពួកគេដើរបញ្ចុះបញ្ចូល ឲ្យអន្តរជាតិកាត់ឈប់ទិញ ផលិតផលរោងចក្រពីកម្ពុជា។ នៅពេលពួកគេនិយាយថា ចង់ឲ្យប្រទេសអភិវឌ្ឍឲ្យបានលឿន តែពួកគេដើរប្រាប់អន្តរជាតិ កុំឲ្យផ្តល់ជំនួយ ដល់កម្ពុជា។ នៅពេលពួកគេសន្យាដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការ គ្រូបង្រៀន តែពួកគេដើរបញ្ចុះបញ្ចូលនិយាយអាក្រក់ ពីកម្ពុជាប្រាប់បរទេស ថា កុំឲ្យគាំទ្ររាជរដ្ឋាភិបាលដោយលើកហេតុផលថា មន្ត្រីរាជការធ្វើការដើម្បីបក្សមិនបម្រើជាតិទេ។ ជាក់ស្តែងទ្រឹស្តីពួកគេដែលកំពុងនិយាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គឺជាឧទាហរណ៍ជាក់ស្តែងដែលបក្សប្រឆាំងប្រមាថមន្ត្រីរាជការ និងអាជ្ញាធរខ្មែរយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលហួសចិត្តជាងនេះ គឺពួកគេនិយាយតែមាត់ តែការពិត ខ្លួនកំពុងតែចាប់បង្ខំឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ រកលុយបង់ចូលបក្ស និងកសាងបណ្តាញឲ្យបក្ស។
បើមិនដូច្នោះទេ មន្ត្រីឃុំសង្កាត់ទាំងនោះនឹងប្រឈមមុខនឹងការដេញចោល។ បែបនេះ គេហៅថា«ចិត្តជាទេវទត្ត មាត់ជាទេវតា»។ ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ត្រួសៗដែលសបញ្ចាក់ថា ការសន្យារបស់ អ្នកនយោបាយ ពោរពេញដោយភាពពិសពុល ដើម្បីតែសម្រេចមហិច្ឆតានយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ដូច្នេះ ប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវស្វែងយល់ពីបញ្ហានេះឲ្យច្បាស់ ទើបមិនចាញ់បោកអ្នកនយោបាយ។ ពាក្យសន្យាទាំងអស់នេះមិនខុសពី សូរផ្គរលាន់រកកលភ្លៀងនោះទេ។ វាមិនប្រាកដថាភ្លៀងឡើយ។ ដូច្នេះ សូមបងប្អូនកុំចាក់ទឹក ក្នុងបំពង់ចោលហើយផ្កាប់បំពង់រង់ចាំ ទឹកភ្លៀង ឲ្យសោះ។ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដែលការប្រែប្រួលអាកាសធាតុកំពុងកើតឡើង យើងរឹតតែលែងទាយត្រូវ រឹតតែលែងរំពឹងលើសូរ ផ្គរលាន់បានទៀតហើយ។ សូមបងប្អូនរក្សាទឹកដែលមានស្រាប់ក្នុងស្រែ ក្នុងស្រះ ត្រពាំង បឹងបួរ ក្នុងពាង ក្នុងបំពង់ឲ្យបានល្អ ហើយខិតខំរកប្រភពទឹកមកបំពេញវាឲ្យកាន់តែមានច្រើនជាងនេះ ទើបអាចធានាថាយើងនឹងមានទឹកប្រើប្រាស់ខួបប្រាំងវស្សាមិនដាច់។
យ៉ាងណាមិញ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយភាពសម្បូរសប្បាយ ដែលយើងកំពុងមានសព្វថ្ងៃ គឺជាសមិទ្ធផលជាក់ស្តែង ដែលយើងមានក្នុងដៃ យើងបានមកដោយកម្រ។ ម្យ៉ាងទៀត អ្វីដែលពួកគេសន្យា រាជរដ្ឋាភិបាលបានធ្វើរួចទៅហើយ។ ជាក់ស្តែងប្រាក់ខែមន្ត្រី រាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងកម្មករ ត្រូវបានដំឡើងជាបន្តបន្ទាប់។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនោះ ឲ្យបានគង់វង្ស និងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងដឹកនាំ ដើម្បីធ្វើឲ្យប្រទេសទទួលបាននូវភាពសម្បូរ សប្បាយ និងការ អភិវឌ្ឍកាន់តែខ្លាំងជាងនេះ ដោយមានសន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានមិនអាចខ្វះបាន។ នេះជាជម្រើសដ៏ល្អបំផុតសម្រាប់យើង និងកូនចៅយើងទៅថ្ងៃអនាគត។ ដូច្នេះសូមកុំភ្លេចបណ្តាំដូនតាយើងឲ្យសោះថា «កុំផ្កាប់បំពុងរង់ចាំទឹកភ្លៀង» ប្រយ័ត្ននាំគ្រោះអាសន្នធំដល់ខ្លួន៕
ដោយ៖ ប៊ូឡាំ សាន