(ភ្នំពេញ)៖ ជំនួបរវាង តំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីករណីសមាជជ្រើសរើសក្បាលម៉ាស៊ីនគណបក្សប្រឆាំងខុសលក្ខន្តិកៈនោះ បានចាប់ផ្តើមហើយ នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។ នេះបើតាមការអះអាងនៅមុននេះបន្តិច របស់ភ្នាក់ងារ Fresh News នៅក្នុងក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះ ភាគីក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចំណែកភាគីខាងគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្រ្គោះជាតិ និង លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។
បើតាមការអះអាងរបស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ជំនួបរវាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្រ្គោះជាតិ នាពេលនេះ គឺធ្វើឡើងក្នុងក្របខណ្ឌបច្ចេកទេស មិនមែនក្របខណ្ឌនយោបាយទេ។
សូមបញ្ជាក់ថា ជំនួបខាងលើនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំលិខិតផ្លូវការមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំជួបសម្តេចក្រឡាហោម ស ខេង ពន្យល់អំពីការរៀបចំសមាជកាលពីដើមខែមីនារបស់ខ្លួន។ លិខិតនេះធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់សមាជជ្រើសរើសមេដឹកនាំថ្មី របស់គណបក្សសង្រ្គោះជាតិ ដោយបញ្ជាក់ថា សមាជនេះខុសលក្ខន្តិកៈតម្កល់ទុកនៅក្រសួងមហាផ្ទៃ ហើយក្រសួងក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ៕