(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយុទ្ធពលខេមភូមិន្ទ បានប្រាប់ទៅកងទ័ពថា កងទ័ពត្រូវមានសេចក្តីថ្លៃថ្នូរឈរជើងកន្លែងណា ត្រូវធ្វើអំពើល្អ ចេះជួយប្រជាជន ទើបទទួលបានការស្រលាញ់គាំទ្រ ពីប្រជាជនដែលរស់នៅជុំវិញ។
នាយឧត្តមសេនីយ៍ ថ្លែងបែបនេះក្នុងពេលចុះសួរសុខទុក្ខនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានរថក្រោះ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា «កងទ័ព ជាខ្ញុំបម្រើដាច់ថ្លៃរបស់ប្រជាជន កងទ័ពត្រូវមានសេចក្តីថ្លៃថ្នូរឈរជើងកន្លែងណា ត្រូវធ្វើអំពើល្អ ចេះជួយប្រជាជន ទើបទទួលបានការស្រលាញ់គាំទ្រ ពីប្រជាជនដែលរស់នៅជុំវិញ»។
នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងកាលៈទេសៈប្រទេសកម្ពុជា មានសុខសន្តិភាព កងយោធពលខេមរភូមិន្ទ ខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ទាំងក្នុងតំបន់ និងអន្តរជាតិ ពិសេសជាមួយភាគីវៀតណាមតែម្តង ដើម្បីរក្សាបាននូវសន្តិសុខកាន់តែល្អប្រសើរឡើងថែមទៀត និងដើម្បីជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងសមត្ថភាពយោធាលើគ្រប់វិស័យ ទាំងការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាព ការធ្វើទំនើបកម្ម ការបំពាក់បច្ចេកវិទ្យាសមស្រប ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងជួរមន្ត្រីយោធាវ័យក្មេង សម្រាប់បន្តវេន នាពេលអនាគត។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តសម្រេចបានជោគជ័យ ក្នុងការបង្កើតឡើងសមិទ្ធផលធំៗ ជាច្រើនថែមទៀត តាមរយៈគោលដៅយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុងនោះជោគជ័យ នៃកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពង្រឹងស្ថិរភាពនយោបាយ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវ កំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសជាតិ វឌ្ឍនភាពល្អ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកសាងព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
លោកបានដាស់តឿនថា នាយទាហាន ពលទាហាន និងក្រុមគ្រួសារកងទ័ព ត្រូវស្វែងយល់ឲ្យបានច្បាស់ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នុងន័យបំផ្លាញសុខសន្តិភាព ដែលយើងទទួលបានយ៉ាងលំបាក ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើងកិច្ចព្រមព្រៀង ២៣តុលា ដោយចោទរាជរដ្ឋាភិបាលថា បានរំលោភកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀង ២៣តុលា នាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មកកម្ពុជាពិតមែន តែសូមបញ្ជាក់ថា បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាព ២៣តុលាដែរ ត្រូវយល់ឲ្យច្បាស់ពីបញ្ហានេះ។
លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដល់នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានរថក្រោះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកអគ្គបញ្ជាការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានកោតសរសើរដល់ លោកឧត្តមសេនីយ៍ឯក ឡាញ់ កៅ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាគ្រឿងចក្រ សម្ភារៈ ដឹកនាំអង្គភាព បានរីកចម្រើនយ៉ាងខ្លាំងមកដល់ពេលនេះ។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូននាយទាហាន ពលទាហាន ចំនួន១,១២៧នាក់ ឧបត្ថមថវិការម្នាក់ៗ ៤ម៉ឺនរៀល និងនាំយកសម្ភារៈជូនបញ្ជាការដ្ឋានរថក្រោះ រួមមាន៖ អង្ករ៥តោន មី១០០កេស ទឹកបរិសុទ្ធ១០០កេស ទឹកក្រូច៥០កេស ស្រាបៀរ១០០កេស ត្រីខ១០កេស ស៊ីម៉ង៣០តោន ដែក១០តោន កុំព្យួទ័រ៣គ្រឿង ព្រីនធ័រ១គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង និងថវិកា២០លានរៀល។
ក្រៅពីនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានផ្តល់ជូនកងទ័ពតាមអង្គភាពមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រួមមាន៖ អង្គភាពឆ័ត្រយោង ៩១១ ប្រេងម៉ាស៊ូត ៣០០០លីត្រ ទឹកសុទ្ធ៥០កេស ស្រាបៀ៥០កេស និងថវិកា ១០លានរៀល។ អង្គភាពកាពារអាកាស ស្រាបៀ៥០កេស ទឹកសុទ្ធ៥០កេស ថវិកា៥លានរៀល។ សាលានាយទាហានសកម្ម ស្រាបៀ៥០កេស ទឹកសុទ្ធ៥០កេស ថវិកា៥លានរៀល។ សាលាបំភ័នអក្ចរៈ ស្រាបៀ៥០កេស ទឹកសុទ្ធ៥០កេស ថវិកា៥លានរៀល។ ឧបត្ថម្ភដល់ លោក មែក ប៊ុន្នី ស្រាបៀ៥០កេស ទឹកសុទ្ធ៥០កេស ថវិការ៥លានរៀល។ សាលាក្រុងច្បារមន ថវិកា៥លានរៀលផងដែរ៕