(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏ល្បី ជាលក្ខណៈអន្តរជាតិ លោក Rain ដែលអ្នកគាំទ្រខ្មែរស្គាល់ថាជា លី យ៉ុងជេ បានធ្វើដំណើរមកដល់ ក្នុងប្រទេសកម្ពុជាហើយ នាពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីត្រៀមខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍ ប្រគំតន្រ្តីដ៏ធំ មានឈ្មោះថា «Smart Mega Concert with Rain» នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ស្អែកនេះ។

ការបង្ហាញវត្តមានជាថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើល របស់កំពូលតារាចម្រៀង K-pop វ័យ៣៤ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅក្នុងប្រទេសកម្ពុជា សម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំង និងទន្ទឹងរង់ចាំការសម្ដែងមកដល់ ចំពោះវត្តមានរបស់តារាចម្រៀង ដ៏ល្បីរបស់ប្រទេសកូរ៉េ រូបនេះ នៅក្នុងប្រទេសកម្ពុជា។

នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេបានឃើញ អ្នកគាំទ្រជាច្រើននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ រង់ចាំទទួលស្វាគមន៍ តារាចម្រៀង Rain ឲ្យរហង់ជាមួយនឹងបាច់ផ្កា និងកាដូទុកជូនផងដែរ ប៉ុន្តែដោយសារតារាចម្រៀង Rain ប្រញាប់ចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទើបធ្វើឲ្យអ្នកគាំទ្រ មិនបានឲ្យកាដូ ឬថតរូបជាមួយឡើយ។

សូមបញ្ជាក់ថា កំពូលតារាចម្រៀង Rain បានសម្រេចចិត្តចូលរោងការ ជាមួយនឹងតារាសម្ដែងដ៏ល្បី គឺនាង Kin Tae Hee កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅឯវិហារ Gaoe Catholic ដោយក្នុងនោះ ក៏មានមិត្តភក្តិជាអ្នកសិល្បៈ ចូលរួមយ៉ាងច្រើនកុះករដូចជា ក្រុម JYP, PSY និង Honey Lee ជាដើម។

ក្រោយពីសច្ចាក្នុងនាម ជាប្តីប្រពន្ធហើយនោះ តារាប្រុសស្រីដ៏ល្បីរបស់កូរ៉េទាំងពីរដួងនេះ ក៏បានថតរូបនិងសរសេរលិខិតផ្ទាល់ដៃផ្ញើទៅកាន់ អ្នកគាំទ្រ ដើម្បីថ្លែងអំណរគុណផងដែរ។ នៅក្នុងពិធីរៀបការរបស់ Rain និង Kin Tae Hee ក៏មានសន្តិសុខយាមកាមយ៉ាងម៉ត់ចត់ មិនឲ្យមនុស្សដែលគ្មានការអញ្ជើញចូលរួមពិធីឡើយ ជៀសវាងកើតមានបញ្ហាជាយថាហេតុណាមួយ៕