(បន្ទាយមានជ័យ)៖ ក្រុមកម្មករអូសរទេះជនជាតិខ្មែរជាង៤០នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បាននាំគ្នាតវ៉ា និងបិតផ្លូវច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នៅចំណុចស្ពានមិត្តភាព កម្ពុជា-ថៃ អស់ជាង១ម៉ោង ដើម្បីទាមទារឲ្យមន្រ្តីគយថៃ បញ្ចុះតម្លៃពន្ធ និងតម្លៃពន្ធគ្មានវិក័យបត្រ។
បន្ទាប់ពីមានការតវ៉ាខាងលើនេះ ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធានប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធរបស់កម្ពុជា នៅទីនោះបានជួបចរចាជាមួយមន្រ្តីគយថៃ ដើម្បីបន្ធូរស្ថានការណ៍ឲ្យដូចដើមវិញ។
លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត បានថ្លែងថា នៅវេលាម៉ោង៩៖០៥នាទីថ្ងៃទី២៩ ខែមីនានេះ មានក្រុមអាជីវករ និងកម្មករអូសរទេះដឹកទំនិញគ្រប់ប្រភេទមួយក្រុមមិនតិចជាង២០រទេះ និងមនុស្សជាង៤០នាក់ បានយករទេះមកដាក់បិទផ្លូវ នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ទាំងស្រុង ដើម្បីទាមទារឲ្យសមត្ថកិច្ចគយថៃ បន្ធូរបន្ថយក្នុងការបង់ពន្ធលើតម្លៃទំនិញគ្រប់ប្រភេទ ដែលគាត់នាំចេញពីផ្សាររោងក្លឿរ ស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ដែលកន្លងមកសមត្ថកិច្ចគយថៃ ធ្លាប់ឲ្យបង់ក្នុងមួយរទេះត្រឹមតែ១០០បាត ស្មើនិង១២០០០រៀល ប៉ុន្តែ បច្ចុប្បន្នសមត្ថកិច្ចគយថៃ បានតម្លើងថ្លៃក្នុងមួយរទេះរហូតដល់ទៅ១០០០បាត ស្មើនិង១២០០,០០រៀល ទើបធ្វើពួកគាត់មិនសុខចិត្ត ក៏ផ្ទុះការតវ៉ាតែម្តង។
ក្រោយមានការសម្របសម្រួល ទើបក្រុមអាជីវករ និងកម្មករទាំងអស់ នាំគ្នាយករទេះចេញពីលើស្ពានបើកផ្លូវឲ្យរថយន្តគ្រប់ប្រទេស ធ្វើចរាចរចេញ-ចូលជាធម្មតាវិញ។
ក្រុមកម្មករអូសរទះ បានស្នើឲ្យភាគីកម្ពុជា-ថៃ ជួយរកដំណោះស្រាយជូនពួកគេ ដែលជាកម្មករអូសរទះ រកព្រឹកខ្វះល្ងាច ប៉ុន្តែនៅពេលនាំយកទំនិញថៃ ចេញមកកម្ពុជា ត្រូវបានសមត្ថកិច្ចគយថៃ ប្រើឈ្មោះ ចែ ស៊ីវ ប្រចាំការនៅក្នុងស្នាក់ការគយទារជំរិតយកលុយពីពួកគាត់ ដោយគ្មានចេញវិក័យបត្រជូនឡើយ។
ពួកគាត់បន្តថា រាល់ថ្ងៃ ពួកគាត់អូសទំនិញមកដីកម្ពុជា ត្រូវបានបង់លុយជូនមន្ត្រីគយថៃ១រទះ បង់១០០បាត ចុះហេតុអីព្រឹកនេះ ទារបង់រហូតដល់១០០០បាត ដែលហេតុធ្វើឲ្យពួកគាត់ ប្រឆាំង និងតវ៉ាបែបនេះ។ សូមបញ្ជាក់ថា ក្នុងករណីក្រុមកម្មករអូសរទះប្រឆាំងតវ៉ា ជាមួយមន្ត្រីគយថៃ នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ មិនបានបង់ឲ្យមានហិង្សាឡើយ គ្រាន់បង្កការកកស្ទះប៉ុណ្ណោះ៕