Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្ដេជ្ញាកាត់បន្ថយអត្រាមរណៈ និងកង្វះអាហាររូបត្ថម្ភ របស់មាតា ទារក និងកុមារ ឲ្យខ្លាំងក្លាតទៅទៀត

29-03-2017 12:31

(ត្បូងឃ្មុំ)៖ ក្នុងបើកសន្និបាតបូកសរុបការងារសុខាភិបាល ក្នុងឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ មន្រ្តីទូទាំងមន្ទីរ​សុខាភិបាល​​ខេត្តត្បូងឃ្មុំ បានបង្ហាញស្មារតីតាំងចិត្តប្ដេជ្ញា រួមគ្នាអនុវត្តការងារនានា សំដៅកាត់បន្ថយអត្រាមរណៈ និងកង្វះអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារ បានកាន់តែមានប្រសិទ្ថភាពបន្ថែមទៀត។

សន្និបាតរបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនេះ ធ្វើឡើងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ មានការចូលរួមពី ប្រធាន-អនុប្រធានមន្ទីរសុខាភិបាលខេត្ត អង្គការជាដៃគូជាតិ និងអន្តរជាតិ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបន្តលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយក្នុងនោះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងការកែលម្អឲ្យកាន់តែល្អប្រសើរឡើង នូវស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសសុខភាពស្រ្តី កុមារ និងប្រជាពលរដ្ឋក្រីក្រ។

លោកប្រធានមន្ទីរថា «បញ្ហាប្រឈមមួយចំនួន នៅលើមាគ៌ាវឌ្ឍនភាពនេះ គឺការបន្តខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយថែមទៀត នូវអត្រាមរណភាពរបស់មាតា ទារក និងកុមារ និងកង្វះអាហារូបត្ថម្ភ»

លោកវេជ្ជបណ្ឌិតបានបន្តថា ស្របទៅតាមចក្ខុវិស័យទូលំទូលាយ និងយូរអង្វែងរបស់ក្រសួងសុខាភិបាល មន្រ្តីរាជការនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់កំពុងបន្តអនុវត្តការងារសុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាព នៅក្នុងកម្មវិធីសុខភាពបន្តពូជ មាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធជំងឺឆ្លង កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងរ៉ាំរ៉ៃ និងកម្មវិធីពង្រីក និងពង្រឹងប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំថែមទៀត។

លោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ បានថ្លែង សន្និបាតនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផល និងលទ្ធផលការងារសុខាភិបាល ដែលបានអនុវត្តក្នុងឆ្នាំកន្លងទៅ ទាំងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងការងារសេសសល់ដទៃទៀត ដើម្បីរួមគ្នាពិភាក្សា ផ្តល់យោបល់ ធ្វើការកែលម្អ លើកទិសដៅ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្ត និងបង្កើនប្រសិទ្ធភាពការងារ ឲ្យកាន់តែក្លាំងខ្លា ក្នុងឆ្នាំបន្ទាប់ទៀត៕