(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យនារីទាំងអស់ ចូលរួមថែរក្សាវប្បធម៌ សន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខរបស់ប្រជាជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្ដល់សិទ្ធិ តួនាទី និងឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ។
លោកស្រី ម៉ែន សំអន បានជំរុញបែបនេះក្នុងឱកាសអញ្ជើអជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារីនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះនៅសណ្ឋាគារភ្នំពេញ។
លោកស្រីបានបញ្ជាក់ថា «ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតឲ្យមានសមាគមនេះឡើង គឺដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយស្ដ្រីដូចគ្នា ជាពិសេសការគ្រប់គ្រងអង្គការ សហជីព ក្នុងការគោរពច្បាប់ឲ្យបាន ល្អប្រសើរ»។
លោកស្រី ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្ដទុកដាក់លើកកម្ពស់ និងផ្ដល់លទ្ធភាពដល់បងប្អូនជាស្ត្រី ដើម្បីឲ្យបងប្អូនជាស្ដ្រី មានឱកាសចូលរួមអភិវឌ្ឍន៍ សង្គម និងចូលរួមក្នុងឆាកនយោបាយ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ នារីត្រូវបំបិតសិទ្ធិសេរីភាព មាក់ងាយពីបុរស និងសង្គម បញ្ហាទាំងនេះ ដោយសារកម្ពុជាឆ្លងកាត់សង្គ្រាមផង និងបែកបាក់ពីអតីតកាលផង។ ប៉ុន្តែតាមរយៈនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ បានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខ សន្តិភាព យ៉ាងពេញលេញនៅ ទូទាំងប្រទេសជាពិសេសជោគជ័យដ៏ធំៗ ជាប្រវត្តិសាស្ត្រដូចជា៖ ហេដ្ឋារចនា សម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំ នៅទីក្រុង ទីប្រជុំជននានាទូទាំងប្រទេស ជាពិសេសសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អ។
ទោះជាយ៉ាងណា លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់បងប្អូនស្ត្រីទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខរបស់ប្រជាជាតិយើង។ បងប្អូនដែលជាតំណាងស្ត្រីទាំងអស់ ត្រូវចូលរួមអប់រំបងប្អូនស្ត្រី ឲ្យយល់ដឹង ពីតម្លៃស្ដ្រីក្នុងឆាកនយោបាយ នៅតាមបណ្ដាស្ថាប័នរដ្ឋ និងឯកជនផងដែរ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា បើតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល និងស្នើទៅក្រសួងមហាផ្ទៃ ដាក់បេក្ខភាពជាស្ត្រី ក្នុងតំណែងជាថ្នាក់ដឹកនាំ អភិវាលខេត្ត នៃគណៈអភិបាលខេត្ត បើពិនិត្យឃើញថា មានសមត្ថភាព ក្នុងការងារដឹកនាំនោះ។
ក្នុងទិសដៅឆ្នាំ២០១៧ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានលើកឡើងថា ក្រសួងបានបន្តបង្កើនសមត្ថភាពមន្ត្រ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើម្បីលើកកម្ពស់ ផលិតផលសហគមន៍ គុណភាពសេវាកម្ម និងការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិក សម្រាប់ផ្តល់ព័ត៌មានដល់ស្ត្រីនៅមូលដ្ឋាន និងបង្កើតទំនាក់ទំនង។ លោកស្រីសូមឲ្យបន្តអនុវត្តន៍គម្រោងលើកកម្ពស់សមភាពយេនឌ័រ ក្នុងការថែទាំសុខភាព និងគម្រោងពង្រឹងការឆ្លើយតបពហុវិស័យ ចំពោះហិង្សាទាក់ទងនឹងយេនឌ័រ ធ្វើការងារប្រតិកម្មរហ័សលើករណីស្ត្រី និងកុមារ ដែលរងគ្រោះដោយអំពើហិង្សា៕