(ភ្នំពេញ)៖ អ្នកតំណាងរាស្រ្តប្រចាំរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា នាពេលបច្ចុប្បន្នមានការអភិវឌ្ឍល្អប្រសើរច្រើន បើធៀបនឹងរយៈពេលដែលលោកបានមក បំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៤។ លោកតំណាងរាស្រ្តរបស់អាមេរិករូបនេះ រំពឹងថា អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យបានកាន់តែរីកចម្រើនបន្ថែម ទៀត។
ការបង្ហាញនូវស្ញប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជាពីសំណាក់លោក មុំ រ៉ាឌី បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនាពេលប៉ុន្មាននេះ លោក មុំ រ៉ាឌី បានមើលឃើញថា កម្ពុជា មានការប្រែប្រួល និងរីកចម្រើនច្រើនទាំងផ្នែកសេដ្ឋកិច្ច ប្រព័ន្ធហេដ្ឋរចនា រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ផងដែរ ពោលគឺមានការ ខុសប្លែកគ្នាច្រើន បើធៀបនឹងឆ្នាំ២០១៤ ជាពេលលោកបានមកទស្សនកិច្ចលើកដំបូងក្រោយក្លាយជាតំណាងរាស្រ្តរបស់អាមេរិកនោះ។
លោក មុំ រ៉ាឌី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបត្រង់ អ្វីដែលខ្ញុំបានឃើញកាលពីឆ្នាំ២០១៤ និងពេលបច្ចុប្បន្ន ខ្ញុំមើលរីកចម្រើនមែនទែនផ្លូវល្អ សន្តិសុខ ក៏មាន។ ខ្ញុំមើលឃើញមានការរីកចម្រើនច្រើន»។
តែទោះពីជាយ៉ាងណាលោក មុំ រ៉ាឌី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកនយោបាយខ្មែរឲ្យស្រុះស្រួលចិត្តគំនិតគ្នាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នាព្រឹកមិញនេះ លោក មុំ រ៉ាឌី ក៏បានបង្ហាញការផ្តួចផ្តើមគំនិតឲ្យមានការ បង្កើនការលេងកីឡាបាលបោះរវាងយុវជនខ្មែរ និងយុវជនអាមេរិកផងដែរ។ តាមរយៈការលេងកីឡានេះ គេរំពឹងថា នឹងធ្វើឲ្យទំនាក់ទំនង រវាងយុវជន និងពលរដ្ឋកម្ពុជា-អាមេរិក កាន់តែល្អប្រសើរ។
បើតាមលោក ជុំ សុន្ទរី ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន តាមរយៈលោក មុំ រ៉ាឌី ក៏បានអរគុណដល់សហរដ្ឋអាមេរិក ដែលតែងតែបានជួយដល់កម្ពុជា ទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការដោះមីន បូករួមទាំងការជួយពង្រឹងសមត្ថភាពកងទ័ពមួកខៀវរបស់កម្ពុជាផងដែរ។
សូមរំលឹកថា លោក មុំ រ៉ាឌី គឺជាតំណាងរាស្ត្រជនជាតិខ្មែរ សញ្ជាតិអាមេរិកដំបូងគេ នៅសហរដ្ឋអាមេរិក បន្ទាប់ពីឈ្នះការបោះឆ្នោតនៅក្រុង Lowell រដ្ឋ Massachusetts កាលពីឆ្នាំ២០១៤។
លោក មុំ រ៉ាឌី ដែលមានវ័យ ៤៨ឆ្នាំ គឺជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ។ លោក រ៉ាឌី បានចាកចេញពីកម្ពុជាទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងវ័យ ១២ឆ្នាំ នៅពេលកម្ពុជាញាំញីទៅដោយភ្លើងសង្គ្រាមក្រោមរបបកម្ពុជាប្រជាធិបតេយ្យ៕