Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្លាចប៉ះពាល់សុខភាព! មន្រ្តីកាំកុងត្រូល ប្រាប់ឲ្យបញ្ឈប់ការនាំចូលមើមខ្ទឹមស និងខឹ្ទមក្រហមពីវៀតណាម, ក្រុមការងារបន្តចុះពិនិត្យ ទំនិញនៅច្រករបៀង «កំពង់ស្ពាន»

29-03-2017 12:07

(ស្វាយរៀង)៖ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង បានចុះទៅណែនាំ និងប្រាប់ឲ្យប្រជាពលរដ្ឋ បញ្ឈប់ការនាំចូលមើមខ្ទឹមស និងមើម ខ្ទឹមក្រហម ពីប្រទេសវៀតណាម បន្តទៀតដោយសារតែទំនិញទាំងនេះ មានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យមានការប៉ះពាល់ដល់ សុខភាព ប្រជាពលរដ្ឋ នៅពេលបរិភោគ។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ដោយមានកិច្ចសហការល្អ ពីមន្ត្រីវរព្រំដែន មន្រ្តីកាំកុងត្រូលខេត្ត បានបន្តចុះទៅអង្កេតតាមមាត់ ច្រករបៀង «កំពង់ស្ពាន» ដើម្បីពិនិត្យទំនិញដែលដឹកតាមម៉ូតូ និងរ៉ឺម៉ក ជាពិសេសបន្លែ គោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ តាមរយៈការធ្វើតេស្តបឋមនៅហ្នឹងកន្លែង ទៅលើបន្លែ សាច់ចំនួន២៩មុខ ដូចជា៖ ម្រះ ត្រលាច ត្រប់វែង ក្រអៅឈូក ម្ទេសប្លោក ស្ពៃជើងទា ស្ពៃក្រញ៉ាញ់ ផ្សិត ស្នៀតពោត ត្រកួន ជន្លង់ ស្លឹកខ្ទឹម ឆៃថាវ ការ៉ុត សណ្តែកកួរ ពោតបារាំង ពពាយ សណ្តែកបណ្តុះ ផ្កាខាត់ណា ប៉េងប៉ោះ ស្ពៃក្តោប ស្ពៃឈួល ស្ពៃចង្កឹះ ផ្លែស៊ូ ខ្ទឹមបារាំង សណ្តែកកួរបារាំង ប្រហិតសាច់គោ និងគ្រឿងក្នុងគោ។

បើតាមមន្រ្តីកាំកុងត្រូល «ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីហាមឃាត់ មិនឲ្យប្រើប្រាស់បន្ថែមលើម្ហូបអាហារ ត្រូវបាន រកឃើញឡើយ។ ក្នុងនោះផងដែរ ក្រុមការងារក៏បានណែនាំឲ្យពួកគាត់ ផ្អាកការនាំចូលបណ្តោះអាសន្ននូវ មើមខ្ទឹមស និងមើមខ្ទឹមក្រហម រហូតមានការ ណែនាំថ្មី ដែលលទ្ធផលបង្ហាញថា មានភាពល្អប្រសើរ»

នៅថ្ងៃដដែលនេះ ក្រុមការងារក៏បានធ្វើការអង្កេតនៅផែស្ងួតសូងួនបាវិត លើបន្លែ និងផ្លែឈើ ដោយបានណែនាំឲ្យអ្នកនាំចូលត្រូវមាន វិញ្ញាបនប័ត្រ បញ្ជាក់គុណភាពពីប្រទេសនាំចេញ និងតម្រូវឲ្យនាំគម្រូបន្លែ ផ្លែឈើ គ្រប់មុខទាំងអស់ យកទៅធ្វើការវិភាគនៅ នាយកដ្ឋាន មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីបញ្ជាក់លើគុណភាព ជាពិសេស គឺស្វែងរកសារធាតុគីមីដែលមាន នៅលើបន្លែ និងផ្លែឈើទាំងនោះ៕